ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសស៊ូដង់ កើនឡើងដល់ចំនួន១៣៨នាក់

ក្រសួង​សុខាភិបាល​របស់​ប្រទេស​ប្រទេស​ស៊ូដង់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​មក​ដល់​ពេល​នេះ​ រដ្ឋ​ចំនួន១០ក្នុង​ប្រទេស​ស៊ូដង់​ បាន​ឡើង​ដល់នួន១៣៨នាក់​ហើយ។

ផ្នែក Autumn Emergency Room របស់ក្រសួង​សុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំនួនអ្នកស្លាប់សរុបចំនួន១៣៨នាក់ ត្រូវបានកត់ត្រា ខណៈដែល៣១,៦៦៦គ្រួសារ ដែលរួមមានមនុស្សជាង១២៩,៦៥០នាក់ បានរងផលប៉ះពាល់” ដោយបន្ថែមថា ផ្ទះចំនួន១២,៤២០ខ្នង បានដួលរលំទាំងស្រុង។

សេចក្តីថ្លែងការណ៍បាននិយាយថា ទន្ទឹមនឹងនេះដែរ ប្រទេសស៊ូដង់ បានកត់ត្រាករណីថ្មីចំនួន១០២ និង ការស្លាប់ថ្មីចំនួន៥ករណី នៃជំងឺអាសន្នរោគ នៅក្នុងរដ្ឋចំនួន៥ ដែលនាំឱ្យចំនួន នៃការឆ្លង និង ការស្លាប់សរុបដល់១,២២៣ករណី និង ៤៨ករណី ដាច់ដោយឡែកពីគ្នា។

ទឹកជំនន់លេចគឺជាបញ្ហាកើតឡើងដដែលៗនៅក្នុងប្រទេសស៊ូដង់ ដែលជាធម្មតាកើតឡើងនៅចន្លោះខែមិថុនាដល់ខែតុលា។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបណ្តាលឱ្យបាត់បង់ជីវិត និង ខូចខាតដីកសិកម្មយ៉ាងច្រើន។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ជំងឺរាតត្បាតដូចជា ជំងឺអាសន្នរោគ ជំងឺគ្រុនចាញ់ កញ្ជ្រឹល និង គ្រុនឈាម បានរីករាលដាល ដោយបានធ្វើឱ្យមនុស្សរាប់រយនាក់បានស្លាប់។

កាលពីថ្ងៃទី១៧ ខែសីហា រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់ លោក Haitham Mohamed Ibrahim បានប្រកាសជាផ្លូវការនូវការផ្ទុះជំងឺអាសន្នរោគនៅក្នុងប្រទេស។

យោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា  ជម្លោះរវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន១៦,៦៥០នាក់ បានបាត់បង់ជីវិត។ មនុស្សប្រមាណ១០.៧លាននាក់ ឥឡូវនេះ ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក នៅក្នុងប្រទេសស៊ូដង់ ដោយមានប្រហែល២.២លាននាក់ផ្សេងទៀត កំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button