មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានឱ្យដឹងនៅព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នេះថា មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនជនជាតិចិនចំនួន៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ឋករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និង សមគំនិតក្នុងអំពើសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំង៣នាក់ខាងលើនេះ ដែលត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ រួមមាន៖ ទី១. ឈ្មោះ ឈិន យ៉ុងកាង (CHEN YONGKANG) ភេទប្រុស ជនជាតិចិន អាយុ៣០ឆ្នាំ, ទី២. ឈ្មោះ ឈិន យ៉ាណាន (CHEN YANAN) ភេទស្រី ជនជាតិចិន អាយុ៣៩ឆ្នាំ និង ទី៣. ឈ្មោះ ហ្វាន កៅយុន (FAN GAO YUN) ភេទស្រី ជនជាតិចិន អាយុ៤១ឆ្នាំ។
សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១:០០នាទីយប់រំលងអាធ្រាត្រ ថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅដល់បង្ក្រាបករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និង សមគំនិតក្នុងអំពើសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានទីតាំងស្ថិតនៅត្រង់ចំណុច ខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណតប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងជំនាញបានដកហូតបាននូវសារធាតុញៀនសរុបទម្ងន់២០០០,៩៨ក្រាម រួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់១១៣៩,២១ក្រាម និង សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់៨៦១,៧៧ក្រាម៕