បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ១៧តុលា ២០២៤ នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋនអន្តោប្រវេសន៍ ធ្វើការប្រគល់ទទួល និងបណ្ដេញចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ក្នុងនោះមាន ស្រីចំនួន ៥នាក់ ដែលស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅកម្ពុជា។
ការបណ្តេញចេញនៅជនជាតិថៃនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារពួកគេបានលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់។
ក្រោយពីបណ្តេញចេញហើយ គឺជនជាតិថៃ ត្រូវបានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនទៅភាគីថៃវិញ។
មួយរយៈចុងក្រោយនេះ នគរបាលអន្តោប្រវេសន៍កម្ពុជា បានបណ្តេញចេញជនជាតិថៃ ដែលឆ្លងដែន ឬចូលមកកម្ពុជាធ្វើការខុសច្បាប់ជាច្រើនលើកមកហើយ៕