ព័ត៌មានអន្តរជាតិ

ជនជាតិប៉ាឡេស្ទីនចំនួន១៥នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា

ប្រភពប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន១៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលផ្តោតលើការប្រមូលផ្តុំចំនួន២នៅក្នុងទីក្រុងហ្គាហ្សា (Gaza) និង Khan Younis នៅភាគខាងត្បូង នៃតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip)។

ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ (Xinhua) របស់ប្រទេសចិនថា យន្តហោះអ៊ីស្រាអែល បានវាយប្រហារលើការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងជំរុំជនភៀសខ្លួន Al-Shati ភាគខាងលិច នៃទីក្រុង ហ្គាហ្សា។

ប្រភព​វេជ្ជសាស្ត្រ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ បាន​សម្លាប់​មនុស្សចំនួន៩នាក់ និង ​បាន​ធ្វើឱ្យមនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស។ ហើយអ្នករបួសទាំងអស់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលបាននូវការជួយសង្គ្រោះ។

បន្ថែមពីលើនេះ មនុស្សចំនួន៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីន នៅជិតកន្លែងផ្តល់សេវាអ៊ីនធើណេត នៅភាគខាងលិច នៃទីកន្លែង Khan Younis នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ។

ទន្ទឹមនឹងនេះផងដែរ ទីភ្នាក់ងារជំនួយ និង ការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅជិតបូព៌ា (UNRWA) បានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ បុគ្គលិកសង្គ្រោះចំនួន២៨៩នាក់ រួមទាំងសមាជិកបុគ្គលិក UNRWA ចំនួន២០៧នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប រួមជាមួយនឹងបុគ្គលិកសុខាភិបាលចំនួន៨៨៥នាក់ផ្សេងទៀត។

អគ្គស្នងការ UNRWA លោក Philippe Lazzarini បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម អ៊ិច (X) ថា អ្នកស្លាប់ជាច្រើននាក់ បានបាត់បង់ជីវិតរបស់ពួកគេ នៅពេលដែលផ្តល់ជំនួយមនុស្សធម៌ ឬ ការថែទាំសុខភាពដល់អ្នករបួស និង អ្នកជំងឺ។

លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា អ្នក​កាសែត និង ​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង ១៦០នាក់ ​ត្រូវ​បាន​សម្លាប់ ខណៈ​កំពុង​រាយការណ៍​ពី​ផល​ប៉ះពាល់​មនុស្សធម៌ ​នៃ​ជម្លោះ និង ​ការ​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ជា​បន្តបន្ទាប់។

ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប ដើម្បីជាការសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែន ភាគខាងត្បូង នៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល១,២០០នាក់ ត្រូវបានសម្លាប់ និង ប្រហែល២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button