ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ តាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យុវជនម្នាក់ជិះម៉ូតូឌុបប្អូនស្រីទៅសាលារៀន ជ្រុលបុកពីក្រោយកន្ទុយរថយន្តកុងតឺន័រ កំពុងឈប់តាមផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែកប្អូនស្រី រងរបួសធ្ងន់ បាក់ជើងស្តាំ ។
យុវជនដែលបានស្លាប់ មានឈ្មោះ ឆេន សុខឈាត ភេទប្រុស អាយុ១៨ឆ្នាំ និស្សិតឆ្នាំទី១ ចំណែកប្អូនស្រីរងរបួសធ្ងន់ ឈ្មោះ ឆេន ស្រីពេជ្រ អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ ស្នាក់នៅផ្ទះជួល ជាមួយក្រុមគ្រួសារ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិបាគ្រង ឃុំគោករវាង ស្រុកបាធាយ ខេត្តកំពង់ចាម ។
មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3H-0086 សណ្តោងរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4B-0402 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានឈប់ អ្នកបើកបររកទិញទឹក ស្រាប់តែជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ពាក់ស្លាកលេខ កំពង់ចាម 1Y-6147 ឌុបគ្នាទើបចេញពីផ្ទះក្បែរនោះ គោលបំណងឆ្ពោះទៅសាលារៀន លឿនគេចមិនទាន់ ជ្រុលបុកកន្ទុយរុឺម៉កកុងតឺន័រ ពីក្រោយ ចំហៀងខាងឆ្វេង បណ្តាលឱ្យបោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ប្អូនស្រីរងរបួសធ្ងន់ បាក់ជើងស្តាំ កម្លាំងសន្តិសុខឃាត់បានអ្នកបើកបររថយន្ត ប្រគល់ឱ្យសមត្ថកិច្ច ៕