សន្តិសុខសង្គម

ដុតកម្ទេចចោលជើងមាន់បង្កក ដែលនាំចូលដោយខុសច្បាប់ចំនួន២,០០០គីឡូក្រាម នៅទីលានចាក់សំរាម

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដុតកម្ទេចចោលជើងមាន់បង្កក ដែលនាំចូលដោយខុសច្បាប់ចំនួន២,០០០គីឡូក្រាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានឱ្យដឹងថា ការដុតកម្ទេចចោលជើងមាន់បង្កក ចំនួន២តោន ខាងលើនេះ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
លោក ហ៊ុន សារ៉ាត់ បានឲ្យដឹងបន្តទៀតថា ជើងមាន់បង្កកនេះ ក្រុមការងារបានឃាត់ចាប់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មកម្ម ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ត្រួតពិនិត្យលើរថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាក់លេខ ភ្នំពេញ 3F-5070 នៅជិតផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លើផ្លូវបេតុង ។
ក្រុមការងារ បានត្រួតពិនិត្យឃើញ ៖ ជើងមាន់ ២០០កេសក្រដាស ស្មើនឹង ២,០០០គីឡូក្រាម ។ តាមការពិនិត្យជាក់ស្ដែង ផលិតផលសត្វបង្កកទាំងអស់នេះ គឺនាំចូលពីបរទេស ស្តុបទុក និងលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ និងជាផលិតផលបំណែកសាច់បង្កក ដែលក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចាត់វិធានការផ្អាកធ្វើការនាំចូលជាបណ្ដោះអាសន្នរយៈពេល០៦ខែ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៤ ៕

អត្ថបទពាក់ព័ន្ធ

Back to top button