បច្ចេកវិទ្យាព័ត៌មានអន្តរជាតិ

ដើរចូលទីផ្សារក្រោយគេតែ Nvidia ពេលនេះវ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃដល់ទៅ៣០០០ពាន់លានដុល្លារ(៣ទ្រីលានដុល្លារ)

ក្រុមហ៊ុនបច្ចេកវិទ្យាផលិតបន្ទះឈីបកំព្យូទ័រដែលទើបតែកកើតឡើងកាលពីឆ្នាំ១៩៩៣និងត្រូវបានគេស្គាល់ឈ្មោះថា Nvidia គិតត្រឹមសប្តាហ៍នេះបានក្លាយខ្លួនទៅជាក្រុមហ៊ុនដែលមានតម្លៃលើទីផ្សារច្រើនបំផុតទី២លើពិភពលោកប្រមាណជា៣ទ្រីលានដុល្លារ(៣០០០ពាន់លានដុល្លារ)វ៉ាដាច់ក្រុមហ៊ុនយក្សអាមេរិក Apple ទៀតផង។

ភាគហ៊ុនរបស់Nvidiaកាលពីថ្ងៃពុធសប្តាហ៍នេះបានហក់ឡើងខ្លាំងក្នុងអត្រាកំណើន៥ភាគរយទៅដល់១២២៤ដុល្លារក្នុងមួយហ៊ុនដែលធ្វើឲ្យវាមានតម្លៃទីផ្សារលើសពីក្រុមហ៊ុនបច្ចេកវិទ្យា Apple និងដើរពីក្រោយត្រឹមតែក្រុមហ៊ុន Microsoft ប៉ុណ្ណោះដែលមានតម្លៃទីផ្សារប្រមាណជា៣,១៥ទ្រីលានដុល្លារ។

ប៉ុន្មានខែចុងក្រោយនេះភាគហ៊ុនរបស់ Nvidia បានស្ទុះឡើងខ្លាំងលើសពីការរំពឺងទុកដោយគិតត្រឹមខែកុម្ភៈកន្លងមកនេះតម្លៃក្រុមហ៊ុនក្នុងទីផ្សារបានកើនទៅដល់២ទ្រីលានដុល្លារដែលមានន័យថាក្រុមហ៊ុនប្រើពេលត្រឹមតែ៣ខែក្នុងការបង្កើនតម្លៃបន្ថែមបានរហូតទៅដល់១ទ្រីលានដុល្លារ។

និយាយពីទីផ្សារបច្ចេកវិទ្យានេះ Nvidia គឺត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ដោយស្ថាបនិកលោក Jesen Huang និងមិនសូវមានគេស្គាល់ច្រើនឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប៉ុន្តែអរគុណទៅដល់ការផ្ទុះឡើងនៃបច្ចេកវិទ្យា AI តាមរយៈកម្មវិធី ChatGPT និងកម្មវិធី AI ជាច្រើនទៀតជាបន្តបន្ទាប់ដែលវាបានធ្វើឲ្យតំរូវការបន្ទះឈីបក៏បានកើនឡើងខ្ពស់ភ្លាមៗតែម្តង។

ដំបូងឡើយ Nvidia គឺជាអ្នកជំនាញក្នុងការបង្កើតបន្ទះឈីបសម្រាប់កំព្យូទ័រក្នុងការតម្លើងកម្មវិធីសិក្សាបច្ចេកវិទ្យានិងសម្រាប់កម្មវិធីលេងហ្គេមប៉ុណ្ណោះប៉ុន្តែក្រុមហ៊ុនបានធ្វើបដិវត្តភ្លាមៗក្នុងការបំពេញតំរូវការបច្ចេកវិទ្យា AI។

គួរឲ្យដឹងដែរថាគិតត្រឹម៣ខែដំបូងដើមឆ្នាំនេះត្រឹមថ្ងៃទី២៨ខែមេសាក្រុមហ៊ុនបានសម្រេចបិទការលក់ក្នុងទំហំរហូតទៅដល់២៦ពាន់លានដុល្លារពោលគឺមានអត្រាកើនឡើងលើស៣ដងធៀបទៅនឹងឆ្នាំ២០២៣និងខ្ពស់ជាង១៩ភាគរយធៀបទៅនឹង៣ខែកាលពីឆ្នាំ២០២២៕

អត្ថបទពាក់ព័ន្ធ

Back to top button