ចៅក្រមរបស់អង្គការសហប្រជាជាតិនៅថ្ងៃសុក្រនេះ នឹងសម្រេចលើសំណើវិធានការបន្ទាន់របស់ប្រទេសអាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបទប្រល័យពូជសាសន៍ដឹកនាំដោយរដ្ឋចំពោះប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ក្នុងហ្គាហ្សា។
សេចក្តីសម្រេចកាលពីថ្ងៃសុក្រនៅតុលាការយុត្តិធម៌អន្តរជាតិ នឹងមិនដោះស្រាយជាមួយនឹងការចោទប្រកាន់ស្នូលនៃសំណុំរឿងនេះទេ ថាតើអំពើប្រល័យពូជសាសន៍បានកើតឡើង ប៉ុន្តែនឹងផ្តោតទៅលើអន្តរាគមន៍បន្ទាន់ដែលបានស្នើសុំដោយប្រទេសអាហ្វ្រិកខាងត្បូង។
ក្នុងចំណោមវិធានការនានាដែលអាហ្វ្រិកខាងត្បូងបានស្នើសុំ គឺការបញ្ឈប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានធ្វើឱ្យអន្តរាយដល់តំបន់ជាច្រើន និងបានសម្លាប់មនុស្សជាង២៥,០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា។
អ៊ីស្រាអែលបានស្នើឱ្យតុលាការបដិសេធករណីនេះជាដាច់ខាត។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បាននិយាយថា ពួកគេរំពឹងថា តុលាការកំពូលរបស់អង្គការសហប្រជាជាតិនឹង “ទាត់ចោលការចោទប្រកាន់មិនត្រឹមត្រូវ និងក្លែងបន្លំ” នេះ។
អាហ្រ្វិកខាងត្បូងបានចោទប្រកាន់កាលពីពីរសប្តាហ៍មុនថា ការវាយប្រហារតាមផ្លូវអាកាស និងដីរបស់អ៊ីស្រាអែលគឺសំដៅនាំមកនូវ “ការបំផ្លិចបំផ្លាញប្រជាជន” នៃតំបន់ហ្គាហ្សា។
អ៊ីស្រាអែលច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ខ្លួនគោរពច្បាប់អន្តរជាតិ និងមានសិទ្ធិការពារខ្លួន។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយពួកសកម្មប្រយុទ្ធហាម៉ាស។
មន្ត្រីអ៊ីស្រាអែលបាននិយាយថា មនុស្ស១,២០០នាក់ត្រូវបានសម្លាប់ ភាគច្រើនជាជនស៊ីវិល និង ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ក្រុមចៅក្រមទាំង១៧រូប នឹងសម្រេចតែលើ ថាតើត្រូវដាក់វិធានការបណ្តោះអាសន្ន ឬអត់ និង ថាតើមានហានិភ័យដែលឱ្យជឿជាក់បាន ដែលប្រតិបត្តិការរបស់អ៊ីស្រាអែលបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ដែរ ឬ ទេ។
តុលាការនឹងចេញសាលក្រមនៅម៉ោង១រសៀលថ្ងៃនេះ (១២០០ ពេលវេលាមធ្យមហ្គ្រេននិដ្យ៍) ម៉ោង៧យប់ក្នុងប្រទេសកម្ពុជា នៅក្នុងសវនាការរំពឹងថានឹងមានរយៈពេលប្រហែលមួយម៉ោង។
ប្រភព៖ REUTERS, ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤