តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់ បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញថា ខ្លួនបានចេញដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ និង អគ្គសេនាធិការកងទ័ពរុស្ស៊ីបច្ចុប្បន្ន ពីបទឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីយុទ្ធនាការបាញ់មីស៊ីលសំដៅលើរោងចក្រថាមពលអ៊ុយក្រែន និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ក្នុងអំឡុងពេលឈ្លានពានពេញលេញនៅប្រទេសអ៊ុយក្រែន។
អតីតរដ្ឋមន្ត្រីការពារជាតិ លោក ស៊ែរហ្កី ឆយហ្គូ (Sergei Shoigu) និង អគ្គសេនាធិការកងទ័ពរុស្ស៊ីបច្ចុប្បន្ន លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមថា បានដឹកនាំការវាយប្រហារទៅលើគោលដៅស៊ីវិល និង បង្កគ្រោះថ្នាក់ហួសហេតុដល់ជនស៊ីវិល ឬ ការខូចខាតដល់គោលដៅស៊ីវិល។ ហើយពួកគេក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ។
មិនទាន់មានលទ្ធភាពណាមួយភ្លាមៗនោះទេ ដែល លោក ស៊ែរហ្កី ឆយហ្គូ និង លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ ត្រូវបានចាប់ឃុំខ្លួន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអំពើអមនុស្សធម៌នោះទេ ក្រោយពីតុលាការព្រហ្មទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួន ខណៈដែលពួកស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលជាប្រទេសមិនមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ដោយឡែក សម្រាប់ប្រទេសអ៊ុយក្រែនវិញក៏ដូចគ្នាដែរ ក៏ប៉ុន្តែប្រទេសនេះ បានផ្តល់យុត្តាធិការដល់តុលាការ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តឡើងនៅលើទឹកដីរបស់ខ្លួនចាប់តាំងពីឆ្នាំ២០២២មក។
តុលាការព្រហ្មទណ្ឌអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដីកានេះ ត្រូវបានចេញកាលពីថ្ងៃច័ន្ទ ពីព្រោះចៅក្រមបានចាត់ទុកថា មានហេតុផលសមហេតុផល ក្នុងការជឿជាក់ថា លោក ស៊ែរហ្កី ឆយហ្គូ និង លោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ ទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល ដែលត្រូវបានធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ រហូតដល់យ៉ាងហោចណាស់ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣។
ចៅក្រមដែលបានអនុម័តលើសំណើរបស់ព្រះរាជអាជ្ញាសម្រាប់ដីកាចាប់ខ្លួននេះ បាននិយាយថា ជនជាប់សង្ស័យទាំអ២នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើអមនុស្សធម៌ ពីព្រោះមានភស្តុតាងបញ្ជាក់ថា ពួកគេបង្កការឈឺចាប់ដោយចេតនា ឬ របួសធ្ងន់ធ្ងរដល់រាងកាយ ឬ សុខភាពផ្លូវចិត្ត ឬ ផ្លូវកាយរបស់ជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន។
កាលពីឆ្នាំមុន តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និង មន្ត្រីសិទ្ធិមនុស្សរុស្ស៊ី លោកស្រី ម៉ារីយ៉ា លូវ៉ា-បេឡូវ៉ា (Maria Lvova-Belova) ដោយបានចោទប្រកាន់ពួកពីការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការនិរទេសកុមារចេញពីប្រទេសអ៊ុយក្រែនដោយបង្ខំ ទៅកាន់ប្រទេសរុស្ស៊ី៕ ប្រភព៖ AP និង The Guardian