ជាការពិតណាស់ អត្តពលិកដែលមានឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ជាទូទៅ ត្រូវឆ្លងកាត់វគ្គជម្រុះប្រចាំទ្វីបជាមុនសិន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលមិនមានអត្តពលិកជាប់វគ្គជម្រុះ ក៏អាចចូលរួមអូឡាំពិកបានដែរ តាមរយៈសិទ្ធិអនុគ្រោះ ឬ (Wild Card) ដែលផ្ដល់ដល់ប្រទេសជាសមាជិកចលនាអូឡាំពិក។
ទាក់ទងទៅនឹងការទទួលបានសិទ្ធិអនុគ្រោះនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា កាលពីមុនៗ ការជ្រើសរើស គឺផ្អែកលើសហព័ន្ធអន្តរជាតិ។ ជាក់ស្ដែង ដូចជាប្រភេទកីឡាហែលទឹក គឺសហព័ន្ធកីឡាហែលទឹកអន្តរជាតិជាអ្នកពិនិត្យលើលក្ខណៈសម្បត្តិ បច្ចេកទេស ហើយសម្រេចថាតើកីឡាករ កីឡាការិនីណា ជាអ្នកចូលរួម។ បន្ទាប់មកឈ្មោះបេក្ខភាពត្រូវបានបញ្ជូនទៅ គណៈកម្មការរៀបចំអូឡាំពិករបស់ម្ចាស់ផ្ទះ។
ដោយឡែកសម្រាប់ការជ្រើសរើសនៅអូឡាំពិក ឆ្នាំ២០២៤នេះ មានការសម្រិតសម្រាំងខ្លាំងជាងមុន ពោលគឺត្រូវពិនិត្យលើរូបសម្បត្តិ និងបច្ចេកទេស។ ចំពោះកម្រិតបច្ចេកទេស គណៈកម្មការចង់ឱ្យមានការប្រកួតប្រជែងមិនខុសគ្នាឆ្ងាយ រវាងអ្នកបានសិទ្ធិអនុគ្រោះ និងអ្នកជាប់ដោយការជម្រុះ ពោលឱ្យមានការប្រកួតល្អមើល មិនដាច់គ្នាខ្លាំង។ ចំណែករូបសម្បត្តិវិញ គឺទាក់ទិននឹងរូបសម្រស់របស់ កីឡាករ កីឡាការិនី ព្រោះគណៈកម្មការក៏ផ្ដោតលើភាពទាក់ទាញដើម្បីទីផ្សារ (Marketing)។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ២០២៤ នៅក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខណៈកម្ពុជា បានបញ្ជូនអត្តពលិកកម្ពុជា៣រូប ទៅចូលរួម ហើយនឹងចាកចេញពីរាជធានីភ្នំពេញនៅថ្ងៃ អាទិត្យ ទី២១ ខែកក្កដា៕