(បាល់ទាត់)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមគោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly” វេលាម៉ោង ៦៖០០នាទីល្ងាច។
យ៉ាងណាមិញ មុនប៉ះគ្នា យើងនឹងទៅមើលពីប្រវត្តិជួបគ្នារវាងក្រុមទាំង២ ជាមុនសិន។ មែនទែនទៅ ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសម៉ុងហ្គោលី កម្របានជួបគ្នាណាស់ ដោយរាប់ចាប់ពីឆ្នាំ២០០០មក ក្រុមទាំង២ ធ្លាប់ជួបគ្នាម្ដង់គត់ក្នុងការប្រកួតមិត្តភាពនៅក្នុងឆ្នាំ២០១៩ ដោយកាលណោះ កម្ពុជា ១-១ ម៉ុងហ្គោលី។
ដូច្នេះ គិតមកទល់ពេលនេះ មានរយៈពេល ៤ឆ្នាំ ៦ខែហើយ។ ទោះជាយ៉ាងណា នៅសល់កីឡាករកម្ពុជា ៦នាក់ និងកីឡាករម៉ុងហ្គោលី ៥នាក់ ដែលធ្លាប់មានមុខកាលពីជួបគ្នាលើកចុងក្រោយ។ កីឡាករកម្ពុជា រួមមាន៖ សារ៉េត គ្រីយ៉ា, យើ ម៉ូស្លីម, អ៊ន ចាន់ប៉ូលីន, សៀង ចន្ធា, ហ៊ុល គឹមហ៊ុយ (បម្រុង) និង ប៊ីន ចន្ថាជារី (បម្រុង)។ ចំណែកីឡាករម៉ុងហ្គោលី មានដូចជា៖ 𝗔𝗿𝗶 𝗕𝗮𝘁𝘀𝗮𝗶𝗸𝗵𝗮𝗻, 𝗢𝗿𝗸𝗵𝗼𝗻 𝗠𝘂𝗻𝗰𝗵-𝗢𝗿𝗴𝗶𝗹, 𝗔𝘆𝘂𝘀𝗵 𝗞𝗵𝘂𝗿𝗲𝗹𝗯𝗮𝗮𝘁𝗮𝗿, 𝗡𝘆𝗮𝗺-𝗢𝘀𝗼𝗿 𝗡𝗮𝗿𝗮𝗻𝗯𝗼𝗹𝗱 និង 𝗚𝗲𝗿𝗲𝗹𝘁-𝗼𝗱 𝗕𝗮𝘁-𝗼𝗿𝗴𝗶𝗹 (បម្រុង)។
គួរបញ្ជាក់ថា កាលពីយប់មិញនេះ ក្រុមជម្រើសជាតិម៉ុងហ្គោលី បានធ្វើដំណើរមកដល់កម្ពុជាហើយ ដើម្បីរៀបចំខ្លួន និងហ្វឹកហាត់ត្រៀមប្រកួតជាមួយកម្ពុជា៕