អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា លោកជំទាស់នឹងការអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែន ប្រើប្រាស់សព្វាវុធរបស់ប្រទេសលោកខាងលិចប្រឆាំងទៅនឹងគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានដកស្រង់សម្តីអធិការបតីអាល្លឺម៉ង់ ដែលបាននិយាយឯការជួបជុំមួយជាមួយប្រជាជនថា យើងមានច្បាប់ច្បាស់លាស់សម្រាប់ការប្រើប្រាស់សព្វាវុធ ដែលយើងផ្គត់ផ្គង់។ យើងបានឯកភាពច្បាប់ទាំងនេះជាមួយនឹងប្រទេសអ៊ុយក្រែន ហើយច្បាប់ទាំងនេះនៅមានសុពលភាពនៅឡើយ។
យោងតាម លោក Scholz មិនមានហេតុផលណាមួយក្នុងការផ្លាស់ប្តូរច្បាប់ទាំងនេះបានឡើយ។
អគ្គលេខាធិការអង្គការណាតូ លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត្សអង់គ្លេស The Economist ថា កាពីមុន
សម្ព័ន្ធមិត្តណាតូគួរតែពិនិត្យមើលលើការអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែន ប្រើប្រាស់សព្វាវុធរបស់ប្រទេសលោកខាងលិច ដើម្បីវាយប្រហារគោលដៅយោធា ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីរុស្ស៊ី ដែលទទួលស្គាល់ជាអន្តរជាតិ។
ប្រទេសអាល្លឺម៉ង់ជាប្រទេសផ្គត់ផ្គង់សព្វាវុធដ៏ធំទីពីរឱ្យប្រទេសអ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសនេះ បានចំណាយទឹកប្រាក់ប្រហែលជា ចំនួន ២៨ ពាន់លានអឺរ៉ូ លើការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ញាធររុស្ស៊ីបាននិយាយថា សព្វាវុធរបស់ប្រទេសលោកខាងលិច នឹងមិនបញ្ឈប់ពីការសម្រេចនូវគោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួនឡើយ៕ ប្រភព៖ TASS