កីឡា

ទួន ស្រីភីន ថាប្រកួតគុនចម្រុះពិតជាមានការលំបាក តែចាត់ទុកជាការបន្ថែមជំនាញថ្មីពីលើគុនខ្មែរ

កីឡាការិនី ទួន ស្រីភីន បានអះអាងថា ក្នុងការចូលរួមប្រកួតកីឡាគុនចម្រុះ ពិតជាមានការលំបាក តែក៏ចាត់ទុកជាការបន្ថែមជំនាញក្បាច់គុនថ្មីពីលើគុនខ្មែរ ដែលរូបនាងកំពុងតែហ្វឹកហាត់ស្រាប់។ 

កីឡាការិនី ទួន ស្រីភីន បន្តបន្ថែមថា ការប្រើបច្ចេកទេសខ្លេជាជំនាញថ្មីមួយដែលនាងត្រូវសម្របខ្លួន ព្រោះកន្លងមក ការប្រកួតតែលក្ខណៈឈរវាយទៅវិញ តែសម្រាប់ការប្រកួតគុនចម្រុះ អាចវាយបានច្រើនស្ថានភាពទាំងឈរ និងដេក។

ជាមួយគ្នានេះ កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ ក៏មើលឃើញថា ទីផ្សារប្រកួតគុនចម្រុះលក្ខណៈអន្តរជាតិ ពិតជាមានច្រើន ដូច្នេះការបន្ថែមជំនាញក្បាច់គុននេះនឹងផ្ដល់ផលវិជ្ជមានដល់រូបនាង។

ទោះជាបទពិសោធថ្មីមែន ប៉ុន្តែម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមរូបនេះ អះអាងថា បានត្រៀមខ្លួន១០០ភាគរយហើយសម្រាប់ការប្រកួត ដោយមិនខ្វល់លើលទ្ធផលទេ អ្វីដែលសំខាន់នោះ គឺប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអោយអស់ពីសមត្ថភាព។ស្រីភីន បានចាត់ទុកកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី(MMA) លើកទី២ គឺជាឱកាសដើម្បីជំរុញការអភិវឌ្ឍន៍យុទ្ធគុនចម្រុះកម្ពុជា ជាពិសេសក៏ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមពីក្បាច់គុនខ្មែរផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កក្តដា ឆ្នាំ២០២៤ ដែលមានជាង២០ប្រភេទចូលរួម៕

អត្ថបទពាក់ព័ន្ធ

Back to top button