នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបដិសេធកាលពីថ្ងៃពុធថា លោកមិនយល់ព្រមដកកងកម្លាំងយោធាចេញពីព្រំដែន ហ្គាហ្សា-អេហ្ស៊ីប (Gaza-Egypt) នោះទេ ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏មានសក្តានុពលជាមួយនឹងក្រុមហាម៉ាស់ (Hamas) នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីខុទ្ទកាល័យរបស់លោក។
ទូរទស្សន៍ Kan TV ដែលជាកម្មសិទ្ធិរដ្ឋរបស់ប្រទេសអ៊ីស្រាអែល បានអះអាងពីមុនថា សំណើស្ពាន ដែលគាំទ្រដោយសហរដ្ឋអាមេរិកបច្ចុប្បន្ន សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និង ការដោះលែងចំណាប់ខ្មាំង ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃចន្ទ ប្រទេសអ៊ីស្រាអែលបានទទួលយក រួមមានការដកកងទ័ពអ៊ីស្រាអែលចេញពីច្រករបៀង Philadelphia ដែលជាតំបន់ព្រំដែនដ៏សំខាន់រវាងតំបន់ ហ្គាហ្សា ស្ទ្រីប និង ប្រទេសអេហ្ស៊ីប។
ក្រុមហាម៉ាស់ និង ប្រទេសអេហ្ស៊ីប ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងកិច្ចចរចា តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជំទាស់នឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើច្រករបៀង។
លោក ណេតាន់យ៉ាហ៊ូ បានហៅរបាយការណ៍នេះថា “មិនត្រឹមត្រូវ” ហើយបានសង្កត់ធ្ងន់ថា ប្រទេសអ៊ីស្រាអែល មិនបានយល់ព្រមបោះបង់ចោលនូវការគ្រប់គ្រងលើតំបន់នោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីខុទ្ទរិយាល័យរបស់លោក។
សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រទេសអ៊ីស្រាអែល នឹងទទូចឱ្យសម្រេចបាននូវគោលបំណងសង្រ្គាមទាំងអស់របស់ខ្លួន ដូចដែលបានកំណត់ដោយគណៈរដ្ឋមន្ត្រីសន្តិសុខ រួមទាំងការធានាថា តំបន់ហ្គាហ្សា នឹងមិនមានការបង្កការគម្រាមកំហែងផ្នែកសន្តិសុខដល់ប្រទេសអ៊ីស្រាអែលទៀតទេ”។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “នេះតម្រូវឱ្យមានការធានាព្រំដែនភាគខាងត្បូង”។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានបរិយាយយ៉ាងល្អិតល្អន់ថា កាលពីថ្ងៃពុធ លោក ណេតាន់យ៉ាហ៊ូ និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) បានពិភាក្សាគ្នាតាមទូរសព្ទ ដើម្បីពិភាក្សាអំពីការជម្រុញកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ដោះលែងចំណាប់ខ្មាំង។
មន្ត្រីយោធាអ៊ីស្រាអែល បាននិយាយម្តងហើយម្តងទៀតថា ប្រទេសអ៊ីស្រាអែល អាចបំពេញតម្រូវការសន្តិសុខរបស់ខ្លួន ដោយមិនចាំបាច់រក្សាការគ្រប់គ្រងលើច្រករបៀង Philadelphia។
គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល បានដកស្រង់សម្តីមន្ត្រីសន្តិសុខអ៊ីស្រាអែលអនាមិក ដែលចោទប្រកាន់ លោក ណេតាន់យ៉ាហ៊ូ ពីបទបង្អាក់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដោយលើកហេតុផលថា ការទទូចរបស់លោកលើការគ្រប់គ្រងច្រករបៀង អាចប៉ះពាល់ដល់កិច្ចព្រមព្រៀង៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤