ភ្នំពេញ ៖ កាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ (អតីតផ្លូវវេងស្រេង)កែងនិងផ្លូវឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សពយុវជនរងគ្រោះមានឈ្មោះ សៅ ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ម្តុំខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឯខេត្តតាកែវ។
មុនពេលកើតហេតុនោះ យុវជនរងគ្រោះនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KF-2117 តាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដោយប្រញាប់ទៅដឹកបងស្រីទៅធ្វើការឲ្យទាន់ម៉ោង បែរជាអកុសលបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក chevrolet colorado ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2V-2349 បើកបរទិសដៅពីលិចទៅកើតហើយបានបត់ឆ្លងផ្លូវមកឆ្វេងបម្រុងឆ្លងទៅផ្លូវឌួងងៀប ក៏ត្រូវបានយុវជនខាងលើជិះម៉ូតូបុកចំខាងស្តាំរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបោកក្បាលនិងរថយន្ត និងថ្នល់ហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
កម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នដើម្បីដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕