ភ្នំពេញ ៖ ហេតុការណ៍នេះដែរបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងផ្ទះសំណាក់ កៅ ខេន ក្នុងភូមិក្បាលដំរី២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
យុវជនម្នាក់ចេញពីធ្វើការជួបជុំផឹកស៊ីជាមួយមិត្តភក្ដិ រួចបេីកបរក្នុងស្ថានភាពស្រវឹងវ៉ាជែងរថយន្តជ្រុលទៅបុករះជាមួយនឹងខឿនពុះចែកទ្រូងផ្លូវបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។
សពជនរងគ្រោះឈ្មោះ ឆន ដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកបម្រើការនៅធនាគារ បច្ចុប្បន្នស្នាក់នៅសង្កាត់ភ្លេីងឆេះរទេះ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1G-4838 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន រួចបានវ៉ាជែងរថយន្តមួយគ្រឿងមិនចាំម៉ាកចូលមកកណ្ដាលផ្លូវបណ្ដាលឱ្យជ្រុលចង្កូតទៅបុករះជាមួយខឿនពុះចែកទ្រូងផ្លូវជាច្រើនម៉ែត្រ ចំណែកជនរងគ្រោះបានផ្លោងបោកក្បាលនឹងខឿនបែកហូរឈាមស្លាប់ភ្លាមៗរីឯម៉ូតូវិញខ្ទាតហួសទៅមុខប្រមាណជាង៣០ម៉ែត្រ។ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលជាខ្លាំង ពលរដ្ឋដែលឃើញហេតុការណ៍បានទាក់ទងទៅនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍នៅចំណុចកេីតហេតុ រួចធ្វើការឆែកឆេរលេីខ្លួនសពរងគ្រោះរកឃើញទូរស័ព្ទដៃនិងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនធ្វើការទាក់ទងទៅសាច់ញាតិក្រុមគ្រួសារន៏ងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍តាមក្រោយ។ ប្រភពពីមិត្តភក្ដិស្រីដែលរួមការងារជាមួយបានបន្តទៀតថា ជនរងគ្រោះមុនពេលកេីតហេតុបានចេញពីធ្វើការក៏ទៅជួបជុំផឹកស៊ីជាមួយមិត្តភក្ដិ។ បន្ទាប់ពីផឹកស៊ីរួចហើយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ ។ សពជនរងគ្រោះត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ធ្វើលិខិតប្រគល់ទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕