ព័ត៌មានសេដ្ឋកិច្ច

បារាំងជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាក្នុងចំណោមប្រទេសក្នុងតំបន់អ៉ឺរ៉ុប

ក្នុងឱកាសពិធីបើកវេទិកាធុរកិច្ច បារាំង-កម្ពុជា ថ្ងៃទី៨កក្កដានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីភាពសំខាន់របស់បារាំង ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។

ក្នុងនោះ សម្ដេចបានរំលឹកអំពីដំណើរទស្សនៈកិច្ចរបស់ទៅប្រទេសបារាំងកាលពីដើមឆ្នាំនេះ ដោយត្រឡប់មកវិញជាមួយនឹងលទ្ធផលផ្លែផ្កាជាច្រើន។ លទ្ធផលដ៏សំខាន់មួយគឺការព្រមព្រៀង​តម្លើងកម្រិតនៃទំនាក់ទំនងទ្វេភាគី សំដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រ។ 

ភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រាប់ចាប់ពីកិច្ចការសហការនយោបាយ រហូតដល់កិច្ចការសហការសេដ្ឋកិច្ច។ 

សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា បន្ថែមពីនេះ តាមរយៈ​ភ្នាក់ងារអភិវឌ្ឍន៍បារាំង បារាំងបានផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជាលើវិស័យអាទិភាពចំនួន៣គឺ ​ទឹកស្អាត ថាមពល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់សរុប ២១៥លានអ៉ឺរូ ដើម្បីគាំទ្រដល់ការវិនិយោគ​របស់​កម្ពុជាទៅជាសេដ្ឋកិច្ចរីកលូតលាស់ប្រកបដោយចីរភាព បរិយាបន្ន ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចបានបន្តគូសបញ្ជាក់ទៀតថា៖ «ពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច ​បារាំងនៅតែជាដៃគូ​ពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជាក្នុងចំណោមប្រទេស អ៉ឺរ៉ុប។ ពាណិជ្ជកម្មទ្វេភាគី​បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១លានដុល្លារ ក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤។»

ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់តាំងពីសហគ្រាសពហុជាតិ រហូតដល់សហគ្រាសធុនតូច និងមធ្យម បានបង្កើតមូលដ្ឋាននៅកម្ពុជាដូចជា Total Energy,​ Bred Bank និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀតដែលគ្រប់គ្រងដោយធុរជនបារាំង។ 

ការវិនិយោគពីបារាំងកន្លងមកនេះបានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកប​ដោយចីរភាពនៅកម្ពុជា៕

អត្ថបទពាក់ព័ន្ធ

Back to top button