ព័ត៌មានអន្តរជាតិ

ប៉ូលិស​កុបកម្ម​ឃាត់ខ្លួន​បាតុករ​ជាច្រើននាក់នៅ​ជិត​អគារ​សភា​ក្នុង​ទីក្រុង Tbilisi នៃប្រទេសហ្សកហ្ស៊ី

អ្នកឆ្លើយឆ្លងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានធ្វើសេចក្តីរាយការណ៍ពីកន្លែងកើតហេតុឱ្យដឹងថា ប៉ូលីសកុប្បកម្មជាច្រើននាក់ បានចាប់ផ្តើមធ្វើការឃាត់ខ្លួនបាតុករ ដែលតវ៉ាប្រឆាំងទៅនឹងច្បាប់ភ្នាក់ងារបរទេសនៅជិតអគារសភាក្នុងទីក្រុង Tbilisi។

ស្ថានភាពនៅកន្លែងកើតហេតុ មិនមានការផ្លាស់ប្តូរនោះទេ បាតុកររាប់សិបនាក់នៅតែស្នាក់នៅមុខអគារសភា ខណៈពេលដែលប៉ូលិស ត្រូវបានដាក់ពង្រាយជុំវិញកន្លែងធ្វើបាតុកម្មនោះ។

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា ​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​អគារ​សភាក្នុងទីក្រុង Tbilisi។ ការ​ជួប​ជុំធ្វើបាតុកម្មនោះ បាន​ក្លាយ​ទៅ​ជា​ការ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស។ បាតុករ​ខ្លះ​បាន​ចូល​ទៅ​ជិត​បុគ្គលិក​ច្រក​ចូល​នៃអគារសភា ហើយ​ចាប់​ផ្តើម​យោគ​ទ្វាររបង។ ប៉ូលិស​កុបកម្ម​ប្រចាំការនៅទីនោះ បាន​ឆ្លើយ​តប​ដោយបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​ឧស្ម័ន​ម្រេច និង​ ប្រើយន្តហោះ​បាញ់​ទឹក។ ដុំ​ថ្ម ដប និង​ផាវ​ ត្រូវ​បាន​គប់​ដាក់ទៅលើ​ប៉ូលិស។

កាលពីថ្ងៃទី១ ខែឧសភា សភាហ្សកហ្ស៊ី បន្ទាប់ពីការអានលើកទីពីរ បានគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីតម្លាភាពនៃឥទ្ធិពលបរទេស ដែល លោកស្រី  Zourabichvili ជំទាស់ថា ជាឧបសគ្គដល់ការធ្វើសមាហរណកម្មរបស់ប្រទេសទៅក្នុងសហភាពអឺរ៉ុប។ គណបក្សប្រឆាំង និង សកម្មជនស៊ីវិល បានធ្វើការប្រមូលផ្តុំគ្នាប្រឆាំងទៅនឹងច្បាប់នេះ នៅក្នុងទីក្រុង Tbilisi ចាប់តាំងពីថ្ងៃទី១៥ ខែមេសា។

គណបក្ស Georgian Dream-Democratic Georgia Party ដែលជាគណបក្សកាន់អំណាច បានប្រកាសកាលពីដើមខែមេសានេះថា គណៈបក្សខ្លួនបានសម្រេចចិត្តដាក់បញ្ចូលឡើងវិញនូវច្បាប់នេះទៅកាន់សភា។ រឿងនេះ បានកើតឡើងមួយឆ្នាំ បន្ទាប់ពីគំនិតផ្តួចផ្តើមស្រដៀងគ្នានេះ បានបង្កឱ្យមានការតវ៉ាដ៏ធំ ដោយបង្ខំឱ្យអាជ្ញាធរបោះបង់ចោលច្បាប់នេះ។ អត្ថបទរបស់ខ្លួននៅតែដូចគ្នាទៅនឹងឆ្នាំមុនដដែល លើកលែងតែពាក្យ “ភ្នាក់ងារនៃឥទ្ធិពលបរទេស”។ ផ្ទុយទៅវិញ ពាក្យ “អង្គការលើកកម្ពស់ផលប្រយោជន៍របស់មហាអំណាចបរទេស” ត្រូវបានប្រើប្រាស់៕ ប្រភព៖ TASS

អត្ថបទពាក់ព័ន្ធ

Back to top button