ព័ត៌មានអន្តរជាតិ

ប្រទេសកាតាបានថ្កោលទោសចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទីក្រុង Jenin នៃតំបន់ វែស ប៊ែង

ក្រសួងការបរទេសរបស់ប្រទេសកាតា បានថ្កោលទោសចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទីក្រុង Jenin និង ជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង តំបន់ វែស ប៊ែង (West Bank) កាលពីថ្ងៃអាទិត្យ។

ក្រសួងបានពណ៌នាប្រតិបត្តិការនេះថា ជា “ឧក្រិដ្ឋកម្មដ៏សាហាវ និង គួរឱ្យរន្ធត់” និង ជា “ការរំលោភលើដំណោះស្រាយភាពស្របច្បាប់អន្តរជាតិ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ “ផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីននូវការការពារជាចាំបាច់ និង ឱ្យប្រទេសអ៊ីស្រាអែល ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន” ដោយជម្រុញឱ្យបញ្ចប់ “ការរំលោភបំពានធ្ងន់ធ្ងរ នៃច្បាប់មនុស្សធម៌អន្តរជាតិ”។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសកាតាចំពោះបុព្វហេតុប៉ាឡេស្ទីន ដោយតស៊ូមតិដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ផ្អែកលើព្រំដែនឆ្នាំ១៩៦៧ ដែលមាន ហ្សេរុយសាឡឹម ខាងកើត ជារដ្ឋធានីរបស់ខ្លួន។

ចាប់តាំងពីថ្ងៃពុធមក ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារទ្រង់ទ្រាយធំនៅទូទាំងភាគខាងជើង នៃតំបន់ វែស ប៊ែង ដោយនិយាយថា ប្រតិបត្តិការនេះ មានគោលបំណងការពារការវាយប្រហារនាពេលអនាគតប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។

ប្រទេសអ៊ីស្រាអែល បាននឹងកំពុងធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃ នៅតំបន់ វែស ប៊ែង ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនជាង៦៦០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ វែស ប៊ែង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះនេះមក៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button