ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងជើងព្រមានអំពីគ្រោះមហន្តរាយ ដែលមិនអាចទាយទុកជាមុនបាន ជុំវិញការហោះហើរចុងក្រោយរបស់យន្តហោះចារកម្មរបស់សហរដ្ឋអាមេរិក

កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងបានបរិហារការហោះហើរចុងក្រោយបង្អស់របស់យន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ដោយព្រមានថា សត្រូវរបស់ខ្លួនអាចប្រឈមមុខនឹង គ្រោះមហន្តរាយ ដែលមិនអាចទាយទុកជាមុនបាន ប្រសិនបើពួកគេបន្តសកម្មភាពយោធាដោយមិនមានការប្រុងប្រយ័ត្ននោះទេ។

យន្តហោះ RC-135U Combat Sent របស់កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានហោះនៅពីលើឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់ពីធ្វើការហោះចេញពីមូលដ្ឋានទ័ពអាកាស Kadena នៅកៅះអូគីណាវ៉ា នេះបើយោងតាមអ្នកតាមដានការហោះហើរ។

នៅក្នុងបទការអត្ថាធិប្បាយមួយ ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានអះអាងថា យន្តហោះចារកម្មរបស់សហរដ្ឋអាមេរិក បានហោះឈ្លបយកការណ៍នៅជិតព្រំដែនភាគខាងត្បូងនៃប្រទេស។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងបន្ថែមថា សហរដ្ឋអាមេរិក បាននឹងកំពុងបង្កើតទម្លាប់នៃការធ្វើការត្រួតពិនិត្យ និង សកម្មភាពឈ្លបយកការណ៍ប្រឆាំងនឹងពួកយើងអស់រយៈពេលជិត២៥ម៉ោង។

ប្រទេសកូរ៉េខាងជើងក៏មិនសុខចិត្តផងដែរ ក្នុងរឿងការធ្វើសមយុទ្ធយោធារួមគ្នាមួយដែលបានគ្រោងទុករវាង ប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើនៅខែសីហាខាងមុខនេះ ដោយហៅការធ្វើសមយុទ្ធយោធារួមគ្នានេះថា ជាសមយុទ្ធសង្រ្គាមបង្កហេតុ និង គ្មានការប្រុងប្រយ័ត្ន” ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងបន្ថែមទៀតថា ការអភិវឌ្ឍន៍ចុងក្រោយនេះ បង្ហាញថា វាជារឿង ដែលមិនអាចជៀសផុតឡើយសម្រាប់ពួកយើង ក្នុងការពង្រឹងវិធានការការពារស្វ័យការពាររបស់យើង ក្នុងគោលបំណងដើម្បីវាយបក និង កំទេចសហរដ្ឋអាមេរិក និង អ្នកដើរតាមរបស់ខ្លួនក្នុងគោលបំណងការពារសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខ”។

ប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងធំៗរាប់រយ ដែលផ្ទុកដោយសំរាម និង លាមកសត្វ ទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ ហើយប្រទេសនេះក៏បានធ្វើការប៉ុនប៉ងបាញ់បរាជ័យផងដែរ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃចន្ទ៕ ប្រភព៖ Yonhap News Agency

អត្ថបទពាក់ព័ន្ធ

Back to top button