លោក Vasily Nebenzya តំណាងអចិន្ត្រៃយ៍របស់ប្រទេសរុស្ស៊ី បាននិយាយនៅក្នុងពេលឆ្លើយសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងមូស្គូនឹងលើកឡើងអំពីបញ្ហានៃការវាយប្រហាររបស់យោធាអ៊ុយក្រែនលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ុយក្រែននាពេលខាងមុខនេះ។
លោកបានបន្តថា “នៅក្នុងកិច្ចប្រជុំស្តីពីប្រទេសអ៊ុយក្រែននាពេលខាងមុខ យើងនឹងលើកយកបញ្ហានេះឡើង”។
លោកបានបន្ថែមថា “យើងកំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដើម្បីថ្កោលទោសរាល់សកម្មភាពមិនទទួលខុសត្រូវ និង គ្រោះថ្នាក់បំផុតទាំងនេះ” ដោយសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិច ដែលផ្គត់ផ្គង់សព្វាវុធ និង អាវុធយុទ្ធភ័ណ្ឌដល់ទីក្រុងគៀវ “គួរតែទទួលខុសត្រូវចំពោះរាល់សកម្មភាពមិនប្រុងប្រយ័ត្នទាំងនេះរបស់អាជ្ញាធរអ៊ុយក្រែន”។
ដ្រូនអ៊ុយក្រែនបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរចំនួន៣ដង កាលពីថ្ងៃទី៧ ខែមេសា។ ការវាយប្រហារនេះ ត្រូវបានថតទុកនៅតំបន់នៃកំពង់ផែដឹកទំនិញ និង អាហារដ្ឋាន ដែលមានទីតាំងនៅបរិវេណនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye។ រថយន្តដឹកទំនិញចំនួន១គ្រឿងបានរងការខូចខាតពេលកំពុងដឹកចេញ ចំណែកឯមនុស្សវិញ រងរបួសចំនួន៣នាក់។ ដ្រូនចំនួន១គ្រឿងនៅក្នុងចំណោមដ្រូនទាំងនោះរបស់ប្រទេសអ៊ុយក្រែន បានវាយប្រហារចំដំបូលម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរលេខ៦។ នៅថ្ងៃទី៨ ខែមេសា ម្សិលមិញនេះ ដ្រូន kamikaze របស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ពីលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ហើយ កំទេចកំទីរបស់វា បានធ្លាក់លើដំបូលម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរលេខ៦៕ ប្រភព៖ TASS