ព័ត៌មានអន្តរជាតិ

ប្រទេសអេហ្ស៊ីប ​និង ហ្ស័កដានី ច្រានចោលការអះអាងរបស់អ៊ីស្រាអែល អំពីការរត់ពន្ធអាវុធពីប្រទេសអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្គាហ្សា

ប្រទេសអេហ្ស៊ីប បានច្រានចោលការអះអាងរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដែលថា ទឹកដីរបស់ខ្លួនត្រូវបានប្រើ ដើម្បីរត់ពន្ធអាវុធចូលទៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip)។

ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសអេហ្ស៊ីបបដិសេធទាំងស្រុងនូវសេចក្តីថ្លែងការណ៍ទាំងឡាយ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលលោកបានព្យាយាមទាញឈ្មោះរបស់ប្រទេសអេហ្ស៊ីបចូលទៅក្នុងជម្លោះដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជនអ៊ីស្រាអែល”។

ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា ការអះអាងរបស់ លោក ណេតាន់យ៉ាហ៊ូ មានគោលបំណង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃគោលនយោបាយឈ្លានពាន និង បង្ករឿងរបស់រដ្ឋាភិបាលលោក រារាំងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និង ការដោះដូរចំណាប់ខ្មាំង និង អ្នកឃុំឃាំង និង រារាំងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួល ដែលធ្វើឡើងដោយប្រទេសអេហ្ស៊ីប កាតា និង សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ប្រទេសអេហ្ស៊ីប បានឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ទទួលខុសត្រូវចំពោះផលវិបាកទាំងឡាយ នៃការអះអាងបែបនេះ ដែលអាចធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង។

ក្រសួងការបរទេសអេហ្ស៊ីបបានបន្ថែមទៀតថា ប្រទេសអេហ្ស៊ីបនឹងបន្តដើរតួនាទីរបស់ខ្លួនក្នុងការដឹកនាំដំណើរការសន្តិភាពនៅក្នុងតំបន់។

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសហ្ស័កដានី បានបរិហារការអះអាងរបស់ លោក ណេតាន់យ៉ាហ៊ូ ថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន ក្នុងគោលបំណងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា។

ក្រសួងការបរទេសហ្ស័កដានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហ្ស័កដានីឈរក្សាមគ្គីភាពជាមួយនឹងប្រទេសអេហ្ស៊ីប ក្នុងការប្រឈមមុខនឹងការអះអាងរបស់អ៊ីស្រាអែល និង គាំទ្រជំហររបស់អេហ្ស៊ីបនៅក្នុងបញ្ហានេះ។

ក្រសួងការបរទេសហ្ស័កដានី បានបន្ថែមថា រាល់

ការអះអាងទាំងអស់របស់មន្ត្រីអ៊ីស្រាអែលគឺជា “ការប៉ុនប៉ងគ្មានប្រយោជន៍” ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃ “ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និង តំបន់ វែស ប៊េង  (West Bank)” ដែលបានធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើងបន្ថែមទៀតនៅក្នុងតំបន់។

កាលពីថ្ងៃច័ន្ទ លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងកម្លាំងអ៊ីស្រាអែល “នឹងមិនដកខ្លួនចេញពីច្រករបៀង Philadelphia” នោះទេ ដោយបញ្ជាក់ឡើងវិញថា ការរក្សាច្រករបៀងឱ្យស្ថិតក្រោមការគ្រប់គ្រង គឺមានសារៈសំខាន់សម្រាប់ការពារការរត់ពន្ធអាវុធនាពេលអនាគតពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា។

កងទ័ពអ៊ីស្រាអែល បានគ្រប់គ្រងច្រករបៀង ដែលជាតំបន់ការពារទទឹង១០០ម៉ែត្រ និង បណ្តោយ១៤គីឡូម៉ែត្រ តាមបណ្តោយព្រំដែនអេហ្ស៊ីប-ហ្គាហ្សា និង ភាគីប៉ាឡេស្ទីន នៃច្រកទីក្រុងរ៉ាហ្វាហ៍ (Rafah) ក្នុងខែឧសភា ដែលនាំឱ្យមានការផ្អាកការចូល នៃរថយន្តជំនួយមនុស្សធម៌ពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា។

ក្នុងអំឡុងពេល នៃកិច្ចចរចាបទឈប់បាញ់នៅតំបនើហ្គាហ្សាជាច្រើនលើក ប្រទេសអេហ្ស៊ីប បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនូវការទាមទាររបស់ខ្លួន ឱ្យកងទ័ពអ៊ីស្រាអែលដកខ្លួនទាំងស្រុងចេញពីច្រករបៀង និង ច្រកទីក្រុងរ៉ាហ្វាហ៍៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button