នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បង្ហាញនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។