ប្រេសិតប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រកាសពីបំណងរបស់លោក និង បំណងរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ក្នុងការធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យមេដឹកនាំមកពីជុំវិញពិភពលោក ចូលរួមជាមួយលោក និង គាំទ្រគំនិតផ្តួចផ្តើមនេះ។
លោក Riyad Mansour អ្នកសង្កេតការណ៍អចិន្ត្រៃយ៍ នៃរដ្ឋប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានធ្វើការថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា (the Middle East) រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។
លោក Mansour បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ទៅកាន់តំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip) ដើម្បីមើលឃើញដោយផ្ទាល់នូវ “ភាពភ័យរន្ធត់ ដែលប្រជាជនរបស់យើងកំពុងស៊ូទ្រំ”។
លោកក៏បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាសន្តិសុខ ឱ្យគាំទ្រ និង ជម្រុញឱ្យមានការធានានូវសមត្ថភាពរបស់ លោក Abbas ក្នុងការទៅដល់តំបន់ ហ្គាហ្សា និង “ធ្វើការជាបន្ទាន់ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ និង បញ្ឈប់ឧក្រិដ្ឋកម្ម ដែលកំពុងប្រព្រឹត្តលើប្រជាជនរបស់យើង”។
លោកបាននិយាយថា “ត្រូវតែមានបទឈប់បាញ់ឥឡូវនេះ” ស្របតាមលក្ខខណ្ឌ នៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ២៧៣៥ ដោយបន្ថែមថា “ពេលវេលាសម្រាប់ការរង់ចាំបានចប់ហើយ”។
ប្រធានាធិបតីប៉ាឡេស្ទីន បានប្រកាសកាលពីសប្តាហ៍មុន អំពីបំណងរបស់លោក ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ហ្គាហ្សាជាមួយសមាជិកដទៃទៀត នៃថ្នាក់ដឹកនាំប៉ាឡេស្ទីន ហើយបានចេញក្រឹត្យមួយកាលពីល្ងាចថ្ងៃពុធ ដើម្បីបង្កើតគណៈកម្មាធិការមួយ ក្នុងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ។ ក្រឹត្យនេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចនេះទេ៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤