ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក៖ ការ​ផ្អាក​​ប្រយុទ្ធ​គ្នា​នៅ​តំបន់ហ្គាហ្សា ‘មើលទៅពិបាកណាស់’ ដើម្បី​សម្រេច​បានមុនថ្ងៃ​បុណ្យ​រ៉ាម៉ាដានចូលមកដល់

ប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន បានស្នើឲ្យមានការផ្អាកប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និង ក្រុមហាម៉ាសនៅតំបន់ ហ្គាហ្សា ស្ទ្រីប ហាក់បីដូចជាពិបាកនឹងសម្រេចបានជិតដល់ដើមខែដ៏ពិសិដ្ឋម៉ូស្លីមនៃថ្ងៃបុណ្យរ៉ាម៉ាដាន។

កិច្ចពិភាក្សារវាងក្រុមហាម៉ាស់ និង គណៈប្រតិភូនៃប្រទេសអេហ្ស៊ីប កាតា និង សហរដ្ឋអាមេរិកកំពុងតែដំណើរការ ដើម្បីឆ្ពោះទៅរកគោលដៅនៃការសម្រេចបាននូវការផ្អាកប្រយុទ្ធគ្នា និង ការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់ដោយក្រុមអ៊ីស្លាម មុនថ្ងៃបុណ្យរ៉ាម៉ាដានចូលមកដល់ ដែលចាប់ផ្តើមប្រហែលជានៅថ្ងៃអាទិត្យ។

ប៉ុន្តែក្រុមហាម៉ាស់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចានេះ ត្រូវបានផ្អាក។

អ្នកសារព័ត៌មានបានសួរកាលពីថ្ងៃសុក្រអំពីការរំពឹងទុកសម្រាប់ការផ្អាកប្រយុទ្ធមុនថ្ងៃបុណ្យរ៉ាម៉ាដានចូលមកដល់ លោក ចប៉ៃឌិន បាននិយាយថា “វាមើលទៅពិបាកណាស់”។

ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីមុន​ធ្លាប់​បាន​និយាយ​ថា វា​អាច​មាន​គ្រោះថ្នាក់​ខ្លាំង ​ប្រសិន​បើ​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ក្នុង​អំឡុងពេលថ្ងៃបុណ្យ​រ៉ាម៉ាដាន។

ស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា ជាពិសេសនោះគឺនៅក្នុងតំបន់ភាគខាងជើងនៃតំបន់នោះ។ សេចក្តីរាយការណ៍មកថា មានអ្នកស្រុកបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។

រដ្ឋាភិបាលកាណាដាបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅជិតបូព៌ា ដោយមើលឃើញពីស្ថានភាពដ៏អាក្រក់នៅក្នុងតំបន់ហ្គាហ្សា។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែលដែលថា បុគ្គលិកទីភ្នាក់ងារជំនួយ និង ការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅជិតបូព៌ាមួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន ប្រទេសចំនួន១៦ រួមទាំងសហរដ្ឋអាមេរិក ជប៉ុន និង កាណាដាបានផ្អាកការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារនេះ។

ប៉ុន្តែរដ្ឋាភិបាលកាណាដាបាននិយាយថា ខ្លួនបានផ្លាស់ប្តូរជំហររបស់ខ្លួនវិញ “ក្នុងការទទួលស្គាល់ដំណើរការស៊ើបអង្កេតដ៏រឹងមាំ ដែលកំពុងតែដំណើរការ” នៅក្នុងបញ្ហានេះ។

រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​ពី​ផែនការ​សាងសង់​ផែ​បណ្តែត​នៅលើ​ច្រាំង​នៃ​តំបន់​ហ្គាហ្សា ដើម្បី​ដឹកជញ្ជូន​ជំនួយ​សង្គ្រោះ​តាមផ្លូវ​សមុទ្រ។ ខ្លួននិយាយ​ថា វា​នឹង​អាច​ផ្តល់​អាហារ​ច្រើន​ជាង​ពីរ​លាន​ក្នុង​មួយ​ថ្ងៃ ប្រសិនបើ​ផែ​នេះ​ដំណើរការ​។

ទោះជាយ៉ាងណាក៏ដោយ ការសាងសង់របស់វាត្រូវបានព្យាករថា នឹងចំណាយពេលរហូតទៅដល់៦០ថ្ងៃ៕

ប្រភព៖ NHK, ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button