ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ថ្កោលទោសប្រទេសអ៊ីស្រាអែល និង សហរដ្ឋអាមេរិកជុំវិញជម្លោះនៅតំបន់ហ្គាហ្សា

ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានរំលឹកឡើងវិញនូវការរិះគន់យ៉ាងចាស់ដៃរបស់លោកទៅលើប្រទេសអ៊ីស្រាអែល និង សហរដ្ឋអាមេរិកជុំវិញជម្លោះនៅតំបន់ ហ្គាហ្សា ស្ទ្រីប។

លោក Raisi ថ្លែងសុន្ទរកថានៅក្នុងរដ្ឋធានីតេហេរ៉ង់កាលពីថ្ងៃអាទិត្យ ដើម្បីរំលឹកខួបលើកទី៤៥នៃបដិវត្តអ៊ីស្លាម។

លោក Raisi បាននិយាយថា ប្រសិនបើប្រជាជនចង់ស្គាល់ប្រទេសអ៊ីស្រាអែល និង សហរដ្ឋអាមេរិក ពួកគេគួរតែឃើញឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។ លោក​បាន​និយាយ​ថា​ ឥឡូវ​នេះ​សហរដ្ឋ​អាមេរិក​គឺ​អ្នកជួយសង្គ្រោះចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នោះ។

លោក Raisi ក៏បាននិយាយផងដែរថា ប្រទេសលោកខាងលិច បានធ្វើរឿងជាច្រើន ដើម្បីរារាំងប្រទេសអ៊ីរ៉ង់ពីការគាំទ្រប៉ាឡេស្ទីន ក៏ប៉ុន្តែបញ្ហាប៉ាឡេស្ទីនគឺជាអាទិភាពទីមួយនៃពិភពលោកនៃសាសនាឥស្លាម។

ប្រទេសអ៊ីរ៉ង់​បានកំពុង​គាំទ្រ​ក្រុម​ឥស្លាម​ហាម៉ាស និង ​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត។

ហ្វូង​ពលរដ្ឋ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​នានា ហើយ​បាន​ដើរ​តាម​ដង​ផ្លូវ​នៅទូទាំង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី៤៥នៃ​បដិវត្តន៍​ឥស្លាម ដោយ​ពួកគេ​ខ្លះ​កាន់​ទង់ជាតិ​ប៉ាឡេស្ទីន។

បដិវត្តន៍ឆ្នាំ១៩៧៩ បាននាំទៅដល់ការផ្តួលរំលំរាជវង្ស Pahlavi ដែលគាំទ្រដោយសហរដ្ឋអាមេរិក និង សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បច្ចុប្បន្ន ដែលត្រូវបានគ្រប់គ្រងដោយអ្នកប្រាជ្ញច្បាប់ឥស្លាម។

ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេសអ៊ីរ៉ង់​បាន​ប្រកាន់​យក​គោល​នយោបាយ​ប្រឆាំងនឹងសហរដ្ឋ​អាមេរិក​យ៉ាង​តឹងរ៉ឹង។ ហើយក៏បានយកប្រទេសអ៊ីស្រាអែលជាសត្រូវរបស់ខ្លួនផងដែរ ខណៈដែលប្រទេសអ៊ីស្រាអែលបន្តកាន់កាប់ទីក្រុងហ្សេរុយសាឡឹម ដែលរួមមានកន្លែងពិសិដ្ឋដ៏សំខាន់របស់សាសនាឥស្លាម។

ប្រភព៖ NHK, ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button