ជាថ្មីម្ដងទៀត តំបន់ទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាបានសាយភាយកេរ្តិ៍ឈ្មោះកាន់តែទូលំទូលាយ បន្ថែមទៀត ក្រោយទីតាំងបេតិកភណ្ឌពិភពលោកសំខាន់ៗមួយចំនួន បានជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាសុី។
ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន TripAdvisor ដែលជាភ្នាក់ងាររៀបចំ ដំណើរកម្សាន្ដ នៅស្ទើរតែទូទាំងពិភពលោក។
បើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់កម្ពុជា កំពុងស្ថិតនៅលេខរៀងទី២ ប្រាសាទតាព្រហ្មកំពុងស្ថិតនៅលេខរៀងទី ១៩ ប្រាសាទបាយ័នស្ថិតនៅលំដាប់ទី ២០ និងសារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២ ក្នុងចំណោមទាំង ២៥ គោលដៅទាក់ទាញទេសចរណ៍កំពូលនៅអាសុី។
យ៉ាងណាមិញ ការដាក់បញ្ចូលគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅក្នុងលេខរៀងល្អបែប នេះ បង្ហាញពីទំនោររបស់អ្នកទេសចរឆ្ពោះទៅរកតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងវប្បធម៌។
ដោយឡែក លទ្ធផលវាយតម្លៃដែលចេញដោយក្រុមហ៊ុន TripAdvisor គឺផ្អែកលើការការស្ទង់មតិ ពីអ្នកធ្វើដំណើររាប់លាននាក់នៅទូទាំងពិភពលោក ជាលទ្ធផលដែលស្ដែងចេញពីប្រជាប្រិយភាពតំបន់ទេសចរណ៍នៅក្នុងឧស្សាហកម្មទេសចរណ៍ទាំងមូលតែម្ដង។
ដើម្បីជំរុញគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែល្បីសុះសាយទៅកាន់អន្តរជាតិបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងទេសចរណ៍ជាសេនាធិការ ក៏កំពុងតែដាក់ចេញនូវគោល នយោបាយជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែងថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា។
ការបង្កើតសមាសភាពថ្មីនេះ បានបង្ហាញពីជំហររបស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមយ៉ាងពេញលេញ សំដៅបង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕