ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់យ៉ាងច្បាស់ជាស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលួចរៀបការប្រពន្ធម្នាក់ទៀតដោយបានធ្វើពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដែលប្តូរពីឈ្មោះដើមមកឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ដែលត្រូវរៀបការធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅផ្ទះខាងស្រីភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយខាងស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែងឲ្យដឹងថាលោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានមកស្នើសុំចុះ សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវដែលមានការបញ្ជាក់ពីលោកចៅសង្កាត់បឹងសាឡាង ជាពោះម៉ាយ មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបសា លាឃុំកាហែង បានចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ជូនសាម៉ីខ្លួនតាមការស្នើសុំ ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រីង៉ាម រី មានប្រពន្ធដើម ជាអធិការរងនៅក្នុងខណ្ឌសែនសុខ។ ហើយកន្លងទៅ៤ទៅ៥ឆ្នាំមុន លោកង៉ាម រី ក៏ធ្លាប់ផ្ទុះរឿងអាស្រូវម្តងហើយដែរ។
ជាមួយគ្នានេះដែរលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបឲ្យដឹងថា រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងរៀបការនោះលោកមិនបានដឹងទេ ពីព្រោះគេមិនបានប្រាប់លោកឡើយ ។ មួយវិញទៀត សូម្បីតែមន្ត្រីនគរបាលម្នាក់ណាក៏គេមិនហៅផង គឺថាជិតឈឹងតែម្តង ត្រង់នេះរូបលោកមិនអាចបកស្រាយបានឡើយ។
លោកស្នងការបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង បានមកដាក់ពាក្យប្តឹងជាផ្លូវការហើយដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ ។
មហាជនគ្រាន់តែបានឆ្ងល់ថា បើលោកពិតជារៀបការស្របតាមច្បាប់មែន ចាំបាច់អីប្រើឈ្មោះក្លែងក្លាយ ទីលំនៅទៀតខុសគ្នាទាំងអស់ មិនតែប៉ុណ្ណោះសូម្បីតែមន្ត្រីក្នុងខេត្តក៏មិនហៅម្នាក់ឡើយ៕