ក្នុងយុទ្ធនាការជាប្រវត្តិសាស្ត្រមួយរបស់រដ្ឋាភិបាលអាមេរិកក្នុងការទប់ស្កាត់ពលរដ្ឋមិនឲ្យប្រើប្រាស់គ្រឿងស្រវឹង ជាលទ្ធផលមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតកាលពីទសវត្សរ៍ឆ្នាំ១៩២០។
ព្រឹត្តិការណ៍នោះបានកើតឡើងនៅក្នុងពេលបុណ្យChristmas Eve កាលពីឆ្នាំ១៩២៦ នៅពេលប្រជាជននៅទូទាំងប្រទេសកំពុងប្រារព្ធពិធីអបអរ និងជប់លៀងនៅគ្រប់ទីកន្លែង។នៅថ្ងៃនោះ ភ្លាមៗមានបុរសម្នាក់ដែលមានអាការៈមិនស្រួលខ្លាំង ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងទីក្រុងញូវយ៉ក។
ក្រោយមក បុរសរូបនោះបានបាត់បង់ជិវិតនៅក្នុងមន្ទីរពេទ្យទើបគេបានដឹងថា គាត់បានប្រើប្រាស់សារជាតិស្រវឹង ទើបបណ្តាលឲ្យមានអាការៈធ្ងន់ធ្ងរបែបនេះ។ បន្ទាប់មកក្រុមមនុស្សដែលបានចូលរួមក្នុងពិធីជប់លៀងជាមួយគាត់ក៏បានស្លាប់ជាបន្តបន្ទាប់រហូតដល់ចំនួន៨នាក់ និងនៅក្នុងអាការៈស្រដៀងគ្នាប្រមាណជា៦០នាក់ផ្សេងទៀត។
បន្ទាប់មកទៀតបាន២ថ្ងៃ មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទីក្រុងនេះ។ ក្រុមវេជ្ជបណ្ឌិតបានធ្វើការស្រាវជ្រាវរកឃើញថា មានសារធាតុពុលយ៉ាងច្រើនមាននៅក្នុងគ្រឿងស្រវឹងដែលក្រុមអ្នកជប់លៀងទាំងនោះបានទទួលទាន។
វាគឺជាហេតុការណ៍ដែលបានកើតឡើងនៅអំឡុងពេលដែលរដ្ឋាភិបាលធ្វើយុទ្ធនាការហាមប្រាមទៅលើការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងតំបន់ ហើយមុនពេលដែលហេតុការណ៍នេះកើតឡើង រដ្ឋាភិបាលបានប្រើប្រាស់នូវវិធីសាស្ត្រជាច្រើនយ៉ាងរួចមកហើយក្នុងការធ្វើបំរាមមួយនេះ។
ពេលវេលានៃការហាមប្រាមនេះបានអូសបន្លាយរហូតទៅដល់ឆ្នាំ១៩៣៣ តាមរយៈកម្មវិធីនៃការប្រើប្រាស់ការបំពុលបែបនេះ ហើយតាមការប៉ានស្មាន ប្រជាជនអាមេរិកយ៉ាងហោចណាស់មានទៅដល់ជិត១០០០០នាក់ត្រូវបានបាត់បង់ជីវិតដោយសារតែការទទួលទានគ្រឿងស្រវឹង៕