រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានសម្តែងការរំលែកទុក្ខរបស់ពួកគេចំពោះភរិយារបស់អតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny ក្នុងអំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ។
លោកស្រី Yulia Navalnaya បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅប្រទេសបែលហ្សិក។ រដ្ឋមន្ត្រីបានអញ្ជើញលោកស្រី បន្ទាប់ពីស្វាម៉ីរបស់លោកស្រី ដែលជាអ្នករិះគន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឥតសំចៃមាត់ បានទទួលមរណភាពនៅពន្ធនាគារកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានស្តាប់ លោកស្រី Navalnaya និយាយអំពីដំណើរឿងចលនាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសរុស្ស៊ី និង ការបង្រ្កាបរបស់រដ្ឋបាលរបស់ លោក ពូទីន ទៅលើឥស្សរជនប្រឆាំង នៅក្នុងអំឡុងពេលកិច្ចប្រជុំ។
បន្ទាប់ពីការជួបជុំគ្នារួច លោក Borrell បានរាយការណ៍ថា លោកស្រី Navalnaya បាននិយាយថា “ពូទីនមិនមែនជារុស្ស៊ីទេ។ រុស្ស៊ីមិនមែនជាពូទីនទេ” ។
លោក Borrell បាននិយាយថា លោកចង់គាំទ្រ “ជនជាតិរុស្ស៊ីដ៏ក្លាហាន” ដែលបានព្យាយាមគោរពដល់មេដឹកនាំគណបក្សប្រឆាំងដែលបានស្លាប់៕
ប្រភព៖ NHK, ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤