ព័ត៌មានជាតិ

ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ រលំផ្ទះនិងប៉ើងតូបជាច្រើន នៅស្រុក-ក្រុងចំនួន២ជាប់ជាយដែន

ខេត្ត បន្ទាយមានជ័យ ៖ ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់បង្កផល ប៉ះពាល់ក្នុង ស្រុក-ក្រុងចំនួន ២ជាប់ជាយដែន បណ្ដាលឱ្យ រលំផ្ទះ និងតូបជាច្រើនក្នុង ភោជនីយ៍ដ្ឋានអូរខៃដន ត្រូវបានប៉ើង កាលពី ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ក្នុង ខេត្ត បន្ទាយមានជ័យ ។

នៅក្រុងប៉ោយប៉ែតនៅចំណុចអាងអូរខៃដន មាន ភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យ ប៉ើងតូបជាច្រើន ក្នុង ភោជនីយដ្ឋានលើទឹក បណ្ដាលឱ្យ ខូចខាតអស់ស្ទើរទាំងស្រុង ស្ថិតភូមិអូរខៃ ដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្រោយហេតុការណ៍បែបនេះកើតឡើង គេ សង្កេត ឃើញវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ជួយរុះរើរៀបចំជួសជុលឡើងវិញ ។

នៅស្រុកម៉ាឡៃភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យ រលំផ្ទះប្រជាពលរដ្ឋ១ខ្នង សង់អំពី ឈើប្រក់ស័ង្កសី ដែលមានបណ្ដោយ៦ម៉ែត្រ និងទទឹង៤ម៉ែត្រ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៨៩១ ចុះជួយអន្តរាគមន៍រុះរើ និង សង់ឡើងវិញ។

គួររំលឹកថា ខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃនេះ មានភ្លៀងកក់ខែ មានខ្យល់កន្ត្រាក់ បណ្ដាលឱ្យ ប៉ះពាល់៣ ស្រុក-ក្រុង និង ខូចខាតផ្ទះ សម្បែងជិត៦០ខ្នង ក្នុងនោះ មានក្រុងសិរីសោភ័ណជាង ៥០ ខ្នងផ្ទះ និងក្រុងប៉ោយប៉ែត មានតូបជាច្រើនក្នុង រមណីយដ្ឋាន ត្រូវបានប៉ើង និងស្រុកម៉ាឡៃ រលំផ្ទះ១ខ្នងទាំងស្រុង នៅ ពេលនេះ អាជ្ញាធរនិងកងកម្លាំងបានចុះជួយអន្តរាគមន៍រុះរើនិងជួសជុលឡើងវិញ ៕

អត្ថបទពាក់ព័ន្ធ

Back to top button