ព័ត៌មានជាតិ

មនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍នៅចំណោតយាយម៉ៅពេជ្រនិល

រថយន្តខ្នាតធំមួយគ្រឿងបានដាច់ហ្វ្រាំង ខណៈពេលដែលកំពុងប្រឹងបើកឡើងលើចំណោតយាយម៉ៅពេជ្រនិល បានរអិលថយក្រោយប៉ះជាមួយនឹងរថយន្តមួយគ្រឿងផ្សេងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តធ្លាក់ជ្រោះ រងការខូចខាតខ្ទិច។ ចំណែកឯមនុស្ស យ៉ាងហោចណាស់៤នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះរបស់បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីសង្គ្រោះបន្ទាន់។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០:៣៩នាទីយប់ ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៦-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺរវាង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3F-7734 បើកបរដោយឈ្មោះ យា រត្ននា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុង ភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានអ្នករួមដំណើរជាមួយ ចំនួន៣នាក់ និង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-0268 សណ្ដោងស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ4A-1156 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានធ្វើការស្ទួចយករថយន្តដែលធ្លាក់ជ្រោះ យកមករក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ

Back to top button