ព័ត៌មានអន្តរជាតិ

មនុស្សជិត២លាននាក់បានផ្លាស់ទីកន្លែង ដើម្បីគេចពីសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា

អ្នក​នាំ​ពាក្យ​សង្គម​អឌ្ឍចន្ទ​ក្រហម​ប៉ាឡេស្ទីន (PRCS) លោកស្រី Nebal Farsak បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពីការ​ផ្លាស់​ទីលំនៅ​ជា​បន្ត​បន្ទាប់​របស់​មនុស្ស​ជិត​ពីរ​លាន​នាក់នៅ​ក្នុង​តំបន់ ហ្គាហ្សា ស្ទ្រីប នេះយោងតាមទីភ្នាក់ងារសារព័ត៌មានទីភ្នាក់ងារព័ត៌មាន IRNA របស់ប្រទេសអ៊ីរ៉ង់ ដែលបានចុះផ្សាយនៅ ព្រឹកថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះ។

លោកស្រី Nebal Farsak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងអ៊ិច (X) ថា គ្មានកន្លែងណាមួយនៅក្នុងតំបន់ហ្គាហ្សា មានសុវត្ថិភាពនោះទេ គ្មានផ្លូវសម្រាប់មនុស្សចាកចេញទេ សូម្បីតែអ្នកដែលឈឺ ឬ រងរបួស។

លោកស្រីបាននិយាយថា គ្រួសារនៅតែពឹងផ្អែកលើជំនួយមិនគ្រប់គ្រាន់ ចំពេលដែលមានការខ្វះខាតអាហារ និង ទឹក និង ដោយសារតែហានិភ័យសុខភាពកើនឡើងដោយសារតែភាពចង្អៀតណែនណាន់តាន់តាប់។

លោកស្រីបានបន្ថែមទៀតថា សកម្មភាពអន្តរជាតិជាបន្ទាន់គឺចាំបាច់។

ក្នុងរឿងនេះ អ្នកនាំពាក្យកាកបាទក្រហមប្រចាំតំបន់ហ្គាហ្សា ក៏បានអំពាវនាវឱ្យមានការអន្តរាគមន៍ជាបន្ទាន់ពីអន្តរជាតិ ដើម្បីផ្តល់ថ្នាំ និង អាហារដល់តំបន់ប្រជាជនដែលរស់នៅក្នុងតំបន់ហ្គាហ្សា។

លោកបាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វាហ៍ (Rafah) បានបណ្តាលឱ្យមានការថយចុះនៃចំនួនមនុស្ស ដែលទទួលបានអត្ថប្រយោជន៍ពីប្រតិបត្តិការវេជ្ជសាស្រ្ត និង អាហាររបស់យើង។

អ្នកនាំពាក្យកាកបាទក្រហមបានបន្តទៀតថា គោលដៅរបស់យើងគឺគាំទ្រមន្ទីរពេទ្យ និង ប្រភពស្បៀងអាហារនៅក្នុងតំបន់ហ្គាហ្សា ដោយបន្ថែមទៀតថា ប្រជាជននៅក្នុងតំបន់ហ្គាហ្សា កំពុងជាប់គាំងក្នុងការផ្លាស់ទីកន្លែងនៅឥតឈប់ឈរដោយសារសង្គ្រាមរបស់អ៊ីស្រាអែល៕

អត្ថបទពាក់ព័ន្ធ

Back to top button