មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន ដើម្បីទាមទារឱ្យប្រទេសរុស្ស៊ីបញ្ចប់ការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន។
មនុស្សជាង១០០នាក់ រួមទាំងជនភៀសខ្លួនអ៊ុយក្រែន បានធ្វើបាតុកម្មនៅមុខស្ថានីយ៍ Shibuya កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយមានកាន់ទង់ជាតិអ៊ុយក្រែន និង បដា ដោយសរសេរពាក្យថា “បញ្ឈប់ប្រទេសរុស្ស៊ី” ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។
មនុស្សប្រមាណជា៥០០នាក់បានធ្វើបាតុកម្មនៅ Minato Ward ដើម្បីប្រារព្ធខួបលើកទីពីរនៃការឈ្លានពានរបស់ប្រទេសរុស្ស៊ី។
តន្ត្រីការិនីអ៊ុយក្រែន Kateryna Gudzii ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានសំដែង និង ច្រៀងបទចម្រៀងជប៉ុនដ៏ពេញនិយម “Tsubasa wo kudasai” ដែលបង្ហាញពីបំណងប្រាថ្នាចង់បានសន្តិភាព និង សេរីភាព។
តន្ត្រីការិរូបនោះបាននិយាយថា ពេលវេលាបានបញ្ឈប់សម្រាប់ជនជាតិអ៊ុយក្រែនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅពេលដែលមនុស្សជាច្រើនបានជួបប្រទះនូវការខាតបង់ផ្ទាល់ខ្លួន។
នាងបាននិយាយបន្ថែមថា នាងយល់ថាភាពចុះខ្សោយនៃសង្គ្រាមកំពុងរីករាលដាលនៅជុំវិញពិភពលោក។ ប៉ុន្តែនាងបាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងប្រយុទ្ធមិនត្រឹមតែដើម្បីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីកុំឲ្យប្រទេសផ្សេងទៀតជួបប្រទះនឹងសង្គ្រាម។
បន្ទាប់ពីការប្រមូលផ្តុំនេះ ក្រុមបាតុករវ៉ាបានដើរតាមដងផ្លូវដោយកាន់បដា និង ទង់ជាតិអ៊ុយក្រែន ដោយបានស្រែកច្រៀងថា “សន្តិភាពសម្រាប់អ៊ុយក្រែន” ឬ “ប្រឆាំងនឹងសង្គ្រាមទាំងអស់”។
គិលានុបដ្ឋាកម្នាក់ក្នុងវ័យ២០ឆ្នាំបាននិយាយថា វាមិនអាចអត់ឱនបានទេ ដែលកុមារជាច្រើន និង ជនស៊ីវិលផ្សេងទៀតបានស្លាប់។ លោកបាននិយាយថា លោកមានការព្រួយបារម្ភថា ថ្ងៃណាមួយជប៉ុនអាចរកឃើញខ្លួនឯងក្នុងស្ថានភាពស្រដៀងគ្នានេះ។
លោកបាននិយាយថា លោកសង្ឃឹមចំពោះដំណោះស្រាយដោយសន្តិវិធីនៃសង្គ្រាម៕
ប្រភព៖ NHK, ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤