ប្រភពយោធាលីបង់បាននិយាយថា សមាជិកនៃក្រុមប្រដាប់អាវុធលីបង់ ហេសបូឡាហ៍ (Hezbollah) ម្នាក់ ត្រូវបានសម្លាប់ និង មនុស្ស១១នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅភាគខាងកើត និង ភាគខាងត្បូង នៃប្រទេសលីបង់។
ប្រភពដែលនិយាយដោយអនាមិកបាននិយាយថា ដ្រូនអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើរថយន្ត ដែលធ្វើដំណើរលើផ្លូវ Deir Qanoun En Nahr/Ras al-Ain ជិតទីក្រុង Tire ភាគខាងត្បូង នៃប្រទេសលីបង់ ដោយបានសម្លាប់សមាជិកនៃក្រុមហេសបូឡាហ៍ម្នាក់។
យោធាអ៊ីស្រាអែល បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ខ្លួនបានវាយប្រហារលើ លោក Hussein Ali Hussein ដែលបញ្ជាក់ភិនភាគដោយយោធាអ៊ីស្រាអែលថា ជាសកម្មប្រយុទ្ធនៅក្នុងទីក្រុង Deir Qanoun។
លោក Hussein គឺជាសមាជិកដ៏សំខាន់ម្នាក់ នៃអង្គភាពរ៉ុក្កែត និង មីស៊ីលរបស់ក្រុមហេសបូឡាហ៍នៅក្នុងតំបន់ Yarine ភាគខាងត្បូង នៃប្រទេសលីបង់ នេះបើយោងតាមយោធាអ៊ីស្រាអែល។
“នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយ យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើផ្ទះចំនួនមួយខ្នង នៅកណ្តាលភូមិ ភាគអាគ្នេយ៍នៃទីក្រុង Taybeh ដោយបានធ្វើឱ្យប្រជាពលរដ្ឋចំនួន៥នាក់ បានរងរបួស ក្នុងនោះ មាន៣នាក់ បានរងរបួសធ្ងន់។ អ្នករងរបួស ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាល Tebnine នៅភាគខាងត្បូង នៃប្រទេសលីបង់” នេះបើយោងតាមប្រភពពីប្រទេសលីបង់។
ប្រភពបានបន្ថែមទៀតថា នៅក្នុងតំបន់ Baalbek ភាគខាងកើត នៃប្រទេសលីបង់ មនុស្សចំនួន៦នាក់ បានរងរបួសនៅក្នុងរបាយការណ៍ដំបូង ជាលទ្ធផល នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើទីតាំងក្រុមហេសបូឡាហ៍ចំនួន៣កន្លែង។
ទន្ទឹមនឹងនេះផងដែរ ក្រុមហេសបូឡាហ៍បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានកំណត់គោលដៅលើអគារ ដែលប្រើប្រាស់ដោយទាហានអ៊ីស្រាអែល នៅក្នុងការតាំងទីលំនៅ នៃតំបន់ Shomera ដោយប្រើគ្រាប់រ៉ុក្កែត ហើយ “វាយប្រហារពួកគេដោយផ្ទាល់”។
ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែតដោយក្រុមហេសបូឡាហ៍ ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសាមគ្គីភាពជាមួយនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីមួយថ្ងៃមុន។ បន្ទាប់មក ប្រទេសអ៊ីស្រាអែលបានសងសឹកវិញ ដោយការបាញ់កាំភ្លើងធំឆ្ពោះទៅកាន់ភាគអាគ្នេយ៍ នៃប្រទេសលីបង់៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤