សន្តិសុខសង្គម

មន្រ្តីយោធាជើងខ្លាំងកាន់ AK47 ទៅគំរាមពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការហើយ

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា មន្រ្តី យោធា បានទាញកាំភ្លើង ០១ដើម ម៉ាក AK47 ទៅគំរាមពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួន យកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែង ជនរងគ្រោះ នៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះ បានចោទមកលើខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក ៤ទៅ៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផងទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមពួកនោះឲ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ច ថាខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button