យោងតាមការចេញផ្សាយរបស់ The Defense News នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Andrey Belousovបានជួបសន្ទនាគ្នាជាលើកដំបូងគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល១៥ខែកន្លងមកនេះ។
មន្ត្រីជាន់ខ្ពស់តំណាងឲ្យមន្ទីរប៉ង់តាហ្កោនសហរដ្ឋអាមេរិកបានប្រកាសថាកិច្ចពិភាក្សាគ្នាដែលធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះគឺជាគំនិតផ្តួចផ្តើមដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Austin។មន្ត្រីដដែលរូបនេះបាននិយាយដែរថា៖លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការថែរក្សាបន្ទាត់នៃការទំនាក់ទំនងគ្នាជាពិសេសក្នុងអំឡុងពេលនៃជម្លោះនៅអ៊ុយក្រែន។
រហូតមកទល់បច្ចុប្បន្នរុស្ស៊ីតែងតែបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការវាយប្រហារលើឧបទ្វីបគ្រីមៀ ដែលធ្លាប់ជាឧបទ្វីបស្ថិតនៅក្នុងតឹកដីអ៊ុយក្រែននិងត្រូវបានទីក្រុងម៉ូស្គូបានរឹបអូសបានកាលពីក្នុងឆ្នាំ២០១៤ខណៈដែល អ៊ុយក្រែនតែងតែបានប្រើប្រាស់មីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយអាមេរិកដើម្បីវាយប្រហារមកលើតំបន់នេះ។
គួរឲ្យដឹងដែរថាគ្រីមៀនៅតែត្រូវបានគេចាត់ទុកថាជាទឹកដីអ៊ុយក្រែនក្រោមច្បាប់អន្តរជាតិ ហើយគ្រីមៀគឺជាករណីលើកលែងចំពោះគោលនយោបាយរបស់អាមេរិកដែលហាមអ៊ុយក្រែនមិនឲ្យបាញ់អាវុធចម្ងាយឆ្ងាយចូលរុស្ស៊ី។
ជាក់ស្តែងនៅសប្តាហ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Lynne Tracy សម្រាប់ការស្តីបន្ទោសជុំវិញការវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និងបានធ្វើឱ្យមនុស្សជាង១៥០ទៀតនាក់រងរបួសក្នុងការវាយប្រហារជាបន្តបន្ទាប់ដោយអ៊ុយក្រែនមកលើទីកដីគ្រីមៀ។
រំលឹកដែរថានៅគ្រាចុងក្រោយបំផុតដែលលោក Austin បាននិយាយជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដែលកាលគ្រានោះគឺជាលោកSergei Shoigu ធ្វើឡើងគឺថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៣។ យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ អ្នកទាំងពីរបានពិភាក្សាអំពីអាកប្បកិរិយាគ្មានវិជ្ជាជីវៈ គ្រោះថ្នាក់ និងមិនចេះប្រុងប្រយ័ត្នដោយកងកម្លាំងអាកាសរុស្ស៊ីនៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅ។
លោកAndrei Belousov ដែលជារដ្ឋមន្ត្រីការពារជាតិថ្មីត្រូវបានតែងតាំងនៅក្នុងខែឧសភានេះក្រោយមានការរង្គោះរង្គើដ៏ធំមួយនៅក្នុងវិមានក្រឹមឡាំងដែលលោកBelousov ត្រូវបានគេស្គាល់ថាសេដ្ឋវិទូផង។សមត្ថភាពរបស់លោកត្រូវបានគេមើលឃើញថានឹងអាចឆ្លុះបញ្ចាំងអំពីគុណភាពក្នុងការគ្រប់គ្រងឧស្សាហកម្មការពារជាតិរបស់ខ្លួនរយៈពេលពីរឆ្នាំចូលទៅក្នុងសង្រ្គាមនៅអ៊ុយក្រែន៕