ព័ត៌មានអន្តរជាតិ

មេដឹកនាំហិរញ្ញវត្ថុប្រទេសជី២០ពិភាក្សាគ្នាអំពី “សកលភាវូបនីយកម្មថ្មី”

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលមកពីក្រុមប្រទេសចំនួនជី២០ បានប្រមូលផ្តុំគ្នារយៈពេលពីរថ្ងៃនៃកិច្ចប្រជុំនៅទីក្រុង សៅ ប៉ូឡូ នៃប្រទេសប្រេស៊ីល។

រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad បានស្វាគមន៍អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ ដោយនិយាយថា ប្រទេសជី២០ គឺជាវេទិកា ដែលពួកគេអាចសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពរហូតទាល់តែកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ “កើនឡើង” ។

លោកបាននិយាយថា វាដល់ពេលដែលត្រូវ “កំណត់ឡើងវិញនូវសកលភាវូបនីយកម្ម” រួមបញ្ចូលការវិនិយោគមិនត្រឹមតែដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគោរពគោលការណ៍សង្គម និង បរិស្ថានផងដែរ។ លោកបានបន្ថែមថា ប្រទេសប្រេស៊ីលចង់ផ្តោតការពិភាក្សាលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការប្រែប្រួលអាកាសធាតុ។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលនៅជុំវិញតុមួយចំនួនបានយល់ឃើញថា ភាពតានតឹងភូមិសាស្ត្រនយោបាយពិបាកទុកមួយឡែក។ ពួក​គេ​បាន​ពិនិត្យ​មើល​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ ឥទ្ធិពល​របស់​វា​មក​លើ​សន្តិសុខ​ស្បៀង និង ​ថាមពល។

អ្នក​ខ្លះ​ដែលគាំទ្រ​ប្រទេសអ៊ុយក្រែន​បាន​ជជែក​ដេញដោល​គ្នា​ថា​តើ​ ត្រូវ​ប្រើ​លុយ​ពី​ទ្រព្យ​សកម្ម​របស់ប្រទេស​រុស្ស៊ី​ ដែល​ពួក​គេ​បាន​បង្កក​នៅ​បរទេស​ ដើម្បី​ផ្តល់​មូលនិធិ​ដល់​កិច្ច​ប្រឹង​ប្រែង​សង្គ្រាម​របស់ប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានព្រមានថា ការរឹបអូសបែបនេះ នឹងធ្វើឱ្យខូចដល់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

អ្នកចូលរួមក្នុងកិច្ចប្រជុំក៏បាននិយាយការរីករាលដាលពីការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា រួមទាំងការវាយប្រហារលើការដឹកជញ្ជូនទំនិញក្នុង និង ជុំវិញសមុទ្រក្រហម។ ពួកគេ​បារម្ភ​ថា ជម្លោះ​អាច​នឹង​បន្ត​អូសបន្លាយ ​ដោយ​ឥទ្ធិពល​មហន្តរាយ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក៕

ប្រភព៖ NHK, ថ្ងៃពុធ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button