ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធាកំពូលក្រុមហេសបូឡាហ៍ម្នាក់ ត្រូវបានសម្លាប់ក្នុង​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាសរបស់អ៊ីស្រាអែល ​នៅក្នុងទី​ក្រុង​បេរូត នៃប្រទេសលីបង់

កងទ័ពអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់ក្រុមហេសបូឡាហ៍ (Hezbollah) ម្នាក់គឺ លោក Fouad Shokor នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅក្នុងទីក្រុងបេរូត (Beirut) នៃប្រទេសលីបង់ ដោយបាននិយាយថា ការធ្វើឃាតនេះ គឺជាការសងសឹកចំពោះគ្រាប់រ៉ុក្កែត ដែលបាញ់ឆ្លងព្រំដែន ដោយបានសម្លាប់ក្មេងៗចំនួន១២នាក់កាលពីថ្ងៃសៅរ៍។

ក្រុមហេសបូឡាហ៍ ដែលជាក្រុមសកម្មប្រយុទ្ធលីបង់ និង គណបក្សនយោបាយ មិនបានបញ្ជាក់ពីស្ថានភាពរបស់លោកភ្លាមៗនោះទេ។  សេចក្តីរាយការណ៍ព័ត៌មានលីបង់ បានិយាយថា ការវាយប្រហារ ដែលផ្តោតគោលដៅលើ លោក Shokor ត្រូវបានខកខាន។

អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Tel Aviv ថា “យប់នេះ កងកម្លាំងការពារអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមគោលដៅក្នុងទីក្រុងបេរូត ដោយបានសម្លាប់ លោក Fouad Shokor ដែលត្រូវបានគេស្គាល់ថា ជា “Sayyid Muhsan” ជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុត និង ជាប្រធានអង្គភាពយុទ្ធសាស្ត្រ នៃក្រុមហេសបូឡាហ៍”។

លោក Hagari បាននិយាយថា លោក Shokor ក៏ធ្លាប់ធ្វើជា “ដៃស្តាំ” របស់អគ្គលេខាធិការក្រុមហេសបូឡាហ៍ លោក Hassan Nasrallah  និង ជាទីប្រឹក្សារបស់ លោក Nasrallah សម្រាប់ការរៀបចំផែនការ និង ដឹកនាំប្រតិបត្តិការក្នុងពេលសង្គ្រាម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងកម្លាំងការពារអ៊ីស្រាអែល បានស្តីបន្ទោស លោក Shokor ពីការទទួលខុសត្រូវចំពោះគ្រាប់រ៉ុក្កែតដ៏សាហាវកាលពីថ្ងៃសៅរ៍ ដែលបានវាយប្រហារទីលានបាល់ទាត់នៅទីក្រុង Majdal Shams នៃទីប្រជុំជន Druze ក្នុងតំបន់ Golan Heights ដែលគ្រប់គ្រងដោយប្រទេសអ៊ីស្រាអែល។

មេបញ្ជាការ “គឺទទួលខុសត្រូវចំពោះសព្វាវុធទំនើបបំផុតរបស់ហេសបូឡាហ៍ រួមទាំងសព្វាវុធឆ្លាតវៃ, មីស៊ីល cruise, មីស៊ីលប្រឆាំងនឹងនាវា, គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ និង ដ្រូន។ លោកទទួលខុសត្រូវលើការកសាងកម្លាំង ការរៀបចំផែនការ និង ការប្រតិបត្តិការវាយប្រហារភេរវកម្ម ប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល”។

ការផ្ទុះដ៏ខ្លាំងមួយ ត្រូវបានគេឮនៅក្នុងរដ្ឋធានី នៃប្រទេសលីបង់កាលពីយប់ថ្ងៃអង្គារ ហើយវីដេអូ ដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការបំផ្លិចបំផ្លាញដ៏ច្រើន នៃអគារលំនៅដ្ឋានមួយ ដោយកម្ទេចកម្ទីថ្មនៅរាយប៉ាយតាមដងផ្លូវ។

ទូរទស្សន៍ Al Manar របស់ប្រទេសលីបង់ បានដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលលីបង់ថា ដោយបានរាយការណ៍ថា មនុស្សចំនួន៧៤នាក់ បានរងរបួស ហើយមនុស្ស៣នាក់ផ្សេងទៀត ត្រូវបានស្លាប់នៅក្នុងការវាយប្រហារនៅជុំវិញក្រុមប្រឹក្សា Shura របស់ក្រុមហេសបូឡាហ៍។

នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានថ្កោលទោសចំពោះការវាយប្រហារនេះ ដោយនិយាយថា ប្រទេសលីបង់រក្សាសិទ្ធិរបស់ខ្លួន ក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដែលរួមចំណែកក្នុងការទប់ស្កាត់ការឈ្លានពាន។

រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បាននិយាយថា ប្រទេសលីបង់ នឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការវាយប្រហារនេះ៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button