ព័ត៌មានអន្តរជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងសម្រាប់កុមារ នឹងចាប់ផ្តើមនៅក្នុងតំបន់ហ្គាហ្សា

រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន លោក Majed Abu Ramadan បាននិយាយកាលពីថ្ងៃសុក្រថា យុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងសម្រាប់កុមារអាយុក្រោម ១០ឆ្នាំ នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip) នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ។

លោក Abu Ramadan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវបានធ្វើឡើងចាប់ពី ថ្ងៃអាទិត្យ ដល់ ថ្ងៃទី១២ ខែកញ្ញា នៅក្នុងទីក្រុង Deir al-Balah, Khan Younis, ហ្គាហ្សា និង តំបន់ភាគខាងជើងជាច្រើនទៀត។

យោងតាមរដ្ឋមន្ត្រី ឧបករណ៍ប្រព័ន្ធសម្ភារៈថែរក្សាវ៉ាក់សាំង និង ឱសថ នឹងត្រូវផ្ទេររវាងតំបន់នានា ស្របតាមកាលវិភាគ នៃការចាក់ថ្នាំបង្ការសម្រាប់ទីក្រុងនីមួយៗ។

ក្រសួងបានបោះពុម្ពផែនទីតាំងចាក់ ដែលបង្ហាញពីទីតាំង និង មជ្ឈមណ្ឌលចាក់ថ្នាំបង្ការ ហើយបានផ្ញើសារជាអក្សរទៅកាន់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា ដើម្បីជូនដំណឹងដល់ពួកគេអំពីកាលវិភាគ នៃការចាក់វ៉ាក់សាំង។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានរាយការណ៍ថា បុគ្គលិកកម្មវិធីសុខភាពរបស់ខ្លួននៅហ្គាហ្សា កំពុងបន្តការរៀបចំ និង ការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ ដើម្បីធ្វើប្រតិបត្តិការចុះឈ្មោះ និង ចាក់ថ្នាំ។

យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ បុគ្គលិក UNRWA ជាង ១,០០០នាក់ នឹងចូលរួមក្នុងយុទ្ធនាការនេះ ដោយចាក់វ៉ាក់សាំងដោយផ្ទាល់ដល់កុមារនៅតំបន់ហ្គាហ្សា តាមរយៈមជ្ឈមណ្ឌលសុខភាព គ្លីនិកចល័ត និង ជំរុំរបស់ទីភ្នាក់ងារ ដោយផ្លាស់ប្តូរពីជំរុំមួយទៅជំរុំតាមតម្រូវការ។

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទេសអ៊ីស្រាអែល និង ក្រុមហាម៉ាស់ បានយល់ព្រមផ្អាកប្រយុទ្ធគ្នាចំនួនបីថ្ងៃដាច់ដោយឡែកពីគ្នា ក្នុងនៅតំបន់ ហ្គាហ្សា ស្ទ្រីប សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើង។

យុទ្ធនាការនេះ មានគោលដៅលើកុមារប្រហែល ៦៤០,០០០នាក់ ដោយកុមារម្នាក់ៗចាប់ពីកំណើតដល់អាយុ១០ឆ្នាំ ទទួលបានវ៉ាក់សាំងចំនួន២ដង៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button