រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa Yoko បានថ្កោលទោសយ៉ាងខ្លាំងចំពោះការការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និង បានអំពាវនាវឱ្យនាំមកនូវសន្តិភាពយូរអង្វែងឱ្យបានឆាប់តាមការដែលអាចធ្វើទៅបាន។
លោកស្រី Kamikawa បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជី២០ ដែលបានប្រារព្ធឡើងនៅក្នុងទីក្រុង រីយ៉ូ ឌើ ហ្សាណេរ៉ូ នៃប្រទេសប្រេស៊ីលកាលពីថ្ងៃពុធម្សិលមិញនេះ ដោយមានវត្តមានរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ចូលរួមផងដែរ។
លោកស្រី Kamikawa បាននិយាយថា ការបន្តឈ្លានពានរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន គឺជាកំហឹងដែលបំផ្លាញមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជី២០ និង បង្កបញ្ហាប្រឈមដ៏ធំចំពោះនីតិរដ្ឋ។
លោកស្រីបានបន្ថែមថា ការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់ដោយកម្លាំងមិនត្រូវបានអត់ឱនឲ្យបានឡើយ។
លោកស្រី Kamikawa ក៏បានថ្កោលទោសការវាយប្រហាររបស់ភេរវករដោយក្រុមអ៊ីស្លាមហាម៉ាស និង ក្រុមសកម្មប្រយុទ្ធដទៃទៀត។ លោកស្រីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលសំដៅទៅលើទីក្រុង Rafah នៅតំបន់ ហ្គាហ្សា ស្ទ្រីប ភាគខាងត្បូង ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់។
លោកស្រី Kamikawa បានបន្ថែមថា ប្រទេសជប៉ុនកំពុងពិចារណាលើការពង្រីកជំនួយមនុស្សធម៌បន្ថែម ដែលមានតម្លៃ៣២ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ប៉ាឡេស្ទីន៕
ប្រភព៖ NHK, ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤