កាសែត The New York Times (NYT) បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល ដែលសុំមិនបញ្ចេញឈ្មោះម្នាក់ថា បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនៅសប្តាហ៍ក្រោយនេះ ដោយសារតែភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរជុំវិញបញ្ហាជនស៊ីវិលនៅតំបន់ហ្គាហ្សា។
កាសែតនេះក៏បាននិយាយផងដែរថា លោក Blinken នឹងពិភាក្សាអំពីដំណើរការនៃកិច្ចចរចាស្តីពីបទឈប់បាញ់នៅ តំបន់ហ្គាហ្សា ដែលបានឈានដល់ភាពទ័លច្រក។ ប្រតិបត្តិការយោធានានាពេលខាងមុខរបស់ប្រទេសអ៊ីស្រាអែលនៅ ទីក្រុង Rafah ក៏នឹងស្ថិតក្នុងរបៀបវារៈផងដែរ។
ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើងនៅហ្គាហ្សានាពេលថ្មីៗកន្លងនេះ កាសែត NYT បានចង្អុលបង្ហាញថា កំដៅគឺជាបញ្ហាថ្មី ដែលប្រជាជននៅតំបន់ហ្គាហ្សាប្រឈមមុខនាពេលនេះ បន្ថែមពីលើបញ្ហាផ្សេងៗទៀត។ កាសែត NYT និយាយថា គួបផ្សំជាមួយនឹងការខ្វះខាតទឹកផឹក កំដៅ បានធ្វើឱ្យជីវិតរបស់ប្រជាជនជាច្រើន ដែលរស់នៅក្នុងតំបន់ហ្គាហ្សា មិនអាចទ្រាំទ្របាន និង បង្កើនការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺ។
នាពេលកន្លងមកនេះ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនទទូចថា អ៊ីស្រាអែលត្រូវតែមានផែនការមួយច្បាស់លាស់សម្រាប់ប្រតិបត្តិការយោធានៅទីក្រុង Rafah ដែលត្រូវតែគិតគូរពីស្ថានភាពមនុស្សធម៌បច្ចុប្បន្ន៕ ប្រភព៖ TASS