ព័ត៌មានសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងការងារ ៖ ការតម្លើងប្រាក់ខែត្រូវផ្សារភ្ជាប់ជាមួយនឹងផលិតភាពការងារ

ការងារ និងមុខរបរគឺជារឿងដែលភ្ជាប់ជាមួយនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា បើគ្មានការងារ គ្មានមុខរបរ គឺគ្មានចំណូល ហើយប្រជាពលរដ្ឋសប្បាយ ឬមិនសប្បាយចិត្តគឺនៅពេលមាន ឬគ្មាន​ការងារធ្វើនេះ​ឯង។ នេះជាប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានថ្លែងកាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ។

ដើម្បីរួមចំណែកជំរុញជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលចាំបាច់ត្រូវបង្កើតការងារជូនពួកគាត់ ប៉ុន្តែបន្ទាប់ពីបានការងារធ្វើហើយ អ្វីដែលរដ្ឋាភិបាលត្រូវគិតបន្តទៀតគឺតម្លើងប្រាក់ខែជូនពួកគាត់ដោយមិនឱ្យប៉ះពាល់ដល់ម្ចាស់ក្រុមហ៊ុន។

បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានគិតថាធ្វើម៉េចបង្កើតការងារ បង្កើត​មុខរបរ តែក៏បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ។ ​បើជាកសិករ រដ្ឋាភិបាលត្រូវគិត​ធ្វើយ៉ាងម៉េចឱ្យកសិផលមានទីផ្សារ ហើយមានតម្លៃខ្ពស់ ហើយបើអ្នកមានមុខរបរខ្លួនឯង ធ្វើម៉េច​ឱ្យមុខរបរគាត់កាន់តែងាយស្រួល មានផលចំណេញច្រើនច្រើនជាងមុន។

ឯកឧត្តមបានបន្តគូសបញ្ជាក់ថា៖ «ការតម្លើងប្រាក់ខែត្រូវតែផ្សារភ្ជាប់ជាមួយនឹងផលិតភាព ឧទាហរណ៍ថាគាត់ចង់ឡើងប្រាក់ខែ ១០% សម្រាប់ក្រុមហ៊ុន បើគាត់មិនបានបង្កើនផលិតភាព គឺនឹងអាចខាតបង់។ បើិសិនឡើងប្រាក់ខែ តែក៏ឡើងផលិតភាពដែរ អីចឹងម្ចាស់រោងចក្រ​គាត់អត់​ខាតទេ គាត់តម្លើងប្រាក់ខែមែន តែកម្លាំងពលកម្ម ឬម៉ាស៊ីនអាចបង្កើតផលិតភាពការងារ ស្មើទៅនឹងប្រាក់ខែដែលតម្លើងដែរ»។

ប៉ុន្តែដើម្បីបង្កើនផលិតភាពនេះបាន កម្លាំងពលកម្មក៏ត្រូវតែមានជំនាញច្បាស់លាស់ដូចគ្នា ម្លោះហើយបានជាក្រសួងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាលជំនាញនេះ។

បើទោះបីជាយ៉ាងណាក៏ដោយ កម្លាំងផលិតភាពគឺនៅតែជាចំណោទដែលត្រូវតែដោះស្រាយ បើសិនជាកម្លាំងពលកម្មមិនមានជំនាញ ច្បាស់ជាមិនអាចបង្កើនផលិតភាពនោះទេ។​ហើយប្រសិនបើក្រសួងខិតខំរុញតែកំណើនលើប្រាក់ខែមួយមុខ ចុងក្រោយសេដ្ឋកិច្ចអ្នករកស៊ីអាច និងក្ស័យធនទៅវិញ។

ដូច្នេះ ទាំងប្រាក់ខែ ផលិតភាពការងារ និងជំនាញ ត្រូវតែដើរទន្ទឹមគ្នា ទើបអាចរុញគ្រប់ភាគីឱ្យរីក ចម្រើនព្រមគ្នាបាន៕

អត្ថបទពាក់ព័ន្ធ

Back to top button