ព័ត៌មានសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងឌីជីថលរបស់ប្រទេសម៉ាឡេស៊ី អញ្ជើញចូលរួមធ្វើជាគណៈអធិបតី ក្រុមហ៊ុន អាយឃ្យូអាយ (IQI) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតតំបន់ឧស្សាហកម្មទំហំ ១០០ ហិកតានៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ-(ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤) — នៅឯវេទិការដ្ឋាភិបាលឌីជីថលធ្វើឡើងនៅទីក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ ទី១១-១២ ខែមីនា នេះ បណ្តាញក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ អាយឃ្យូអាយ (IQI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (“MOU”) ដើម្បីបង្កើតតំបន់ឧស្សាហកម្មបច្ចេកវិទ្យាទំនើបនៅក្នុងខេត្តកណ្តាលរបស់កម្ពុជា។ រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី លោក Gobind Singh Deo ធ្វើជាគណៈអធិបតីលើការចុះហត្ថលេខានេះ តំណាងឲ្យរដ្ឋាភិបាលម៉ាឡេស៊ី។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់តំបន់ឧស្សាហកម្មបច្ចេកវិទ្យាទំនើប កម្ពុជា ម៉ាឡេស៊ី ចិន នេះ ក្រុមហ៊ុន IQI Globalត តំណាងដោយ លោក Daniel Ho សហស្ថាបនិក និង ជានាយកគ្រប់គ្រង។ ចំណែកឯ ក្រុមហ៊ុន ព្រីមៀម ហៅហ្ស៊ីង គ្រុប (Premium Housing Group) វិញ តំណាងដោយ ឧកញ៉ា ម៉ាន់ ច័ន្ទឌី ស្ថាបនិក និង ជាម្ចាស់ក្រុមហ៊ុន  បានចុះហត្ថលេខាលើអនុសារណៈនេះ។

លោក Ho បាននិយាយថា “នេះនឹងក្លាយជាការអភិវឌ្ឍន៍លំដាប់ពិភពលោក ដែលមានចម្ងាយត្រឹមតែជាង ១០គីឡូម៉ែត្រពីទីប្រជុះជនក្នុងរាជធានីភ្នំពេញ ហើយមានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ រួមទាំងផ្លូវល្បឿនលឿនផងដែរ។ វាគឺជាទីតាំងយុទ្ធសាស្រ្តនៅជិតតំបន់ឧស្សាហកម្ម ដែលមានស្រាប់ឡើងរួចហើយ អ្នកដឹកនាំក្រុមហ៊ុនលដាប់អន្តរជាតិ ដូចជាក្រុមហ៊ុន Uniqlo ក៏មានរោងចក្ររួចហើយនៅក្បែតំបន់នេះ។ យើងនឹងទាញយកតម្រូវការ ដែលមានស្រាប់ពីក្រុមហ៊ុនផលិត ដែលត្រូវការទីតាំងនៅជិតអ្នកផលិត ដែលមានស្រាប់នៅក្នុងតំបន់។

“ដំណាក់កាលទី១នៃតំបន់ឧស្សាហកម្មបច្ចេកវិទ្យាទំនើបថ្មីនេះ មានតម្លៃអភិវឌ្ឍន៍ដុលចំនួន៣០០លានដុល្លារសហរដ្ឋអាមេរិក ហើយនឹងមានផ្ទៃដីចាប់ពីចំនួន១០០ហិកតា ឬ ១គីឡូម៉ែត្រការ៉េ។ ដំណាក់កាលក្រោយៗទៀត នឹងពង្រីកតំបន់នេះបន្ថែមទៀត រហូតដល់ចំនួន២,០០០ហិកតា ឬ ២០គីឡូម៉ែត្រការ៉េ។

លោក Ho បាននិយាយថា “យើងមានគោលដៅប្រកបដោយមហិច្ឆតាច្បាស់លាស់សម្រាប់តំបន់ឧស្សាហកម្មបច្ចេកវិទ្យាទំនើបនេះ។ គោលបំណងរបស់យើង គឺដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាទំនើប ប្រកបដោយនិរន្តរភាពសម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ ដែលអាចចូលទៅក្នុងទីផ្សារអាស៊ាន និង ផ្តល់លទ្ធលជាទីពេញចិត្ត។

“យើងមានសុទិដ្ឋិនិយម ដើម្បីប្រែក្លាយអនុស្សរណៈនៃការយោគយល់គ្នា ដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ ទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម ដែលជោគជ័យក្នុងរយៈពេល៥ឆ្នាំ និង ជាទីកន្លែងសម្រាប់អ្នកចូលរួមក្នុងឧស្សាហកម្មតម្លៃខ្ពស់ទាំងក្នុងស្រុក និង ក្រៅស្រុក។ យើងក៏នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ និង បច្ចេកវិទ្យា (TVET) លំដាប់អន្តរជាតិសម្រាប់កម្មករកម្ពុជាផងដែរ។ ដូច្នេះពួកគេអាចរៀនជំនាញ ដែលពួកគេត្រូវការ ដើម្បីធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទំនើប។

“ជាទីបញ្ចប់នេះ យើងមានការប្តេជ្ញាចិត្តក្នុងប្រតិបត្តិការបង្កើតភាពជាដៃគូសាធារណៈ-ឯកជន ដែលនាំមមកនូវឧស្សាហកម្ម និង ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការសម្រេចគោលដៅនៃអាជីវកម្ម ដែលរកស៊ីនៅតំបន់ឧស្សាហកម្ម និង និយោជិករបស់ពួកគេ។

“ក្រុមហ៊ុន IQI និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ Juwai IQI នឹងជួយនាំយកអ្នកវិនិយោគមកកាន់តំបន់ឧស្សាហកម្មនេះផងដែរ។ ការិយាល័យតំណាងទាំង២៣ប្រទេសរបស់យើងខ្ញុំ នឹងជួយសម្របសម្រួលការវិនិយោគឆ្លងព្រំដែន និង ការអភិវឌ្ឍន៍សម្រាប់អតិថិជន ដែលចង់ចូលមកវិនិយៅគក្នុងតំបន់ឧស្សាហកម្មនេះ។

“តំបន់ឧស្សហកម្មបច្ចេកវិទ្យាទំនើប កម្ពុជា ម៉ាឡេស៊ី ចិន ក៏នឹងផ្តល់ជូននូវសេវាកម្មផ្សេងៗទៀតប្រកបដោយស្តង់ដារខ្ពស់សម្រាប់បុគ្គលិក ដែលចូលមកធ្វើការក្នុងតំបន់ឧស្សាហកម្មនេះ មានដូចជា កន្លែងញាំត្រឹមត្រូវ កន្លែងហាត់ប្រាណ កន្លែងកំសាន្ត ប្រកបដោយស្តង់ដារខ្ពស់ ។

ឧកញ៉ា ម៉ាន់ ច័ន្ទឌី បាននិយាយថា “ក្រុមហ៊ុន ព្រីមៀម ហៅហ្ស៊ីង គ្រុប មានការប្តេជ្ញាចិត្តខ្ពស់ចំពោះគម្រោងនេះ និង ដី ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ដ៏ធំទូលាយ ដែលមានទីតាំងជាយុទ្ធសាស្ត្រ។ យើងមានដីស្រាប់ផ្តល់អាទិភាពសម្រាប់គម្រោងទាន់ពេលវេលា និង ទៅតាមថវិកា ហើយយើងនឹងចាប់ផ្តើមសកម្មភាពផ្សេងៗជាច្រើន ដើម្បីធានាថា យើងធ្វើគម្រោងនេះទៅតាមផែនការ ដែលបានគ្រោងទុក។

“នៅពេលដែលយើងរៀបចំគម្រោងដំណាក់កាលទីមួយនៃតំបន់ឧស្សាហកម្ម យើងកំពុងធ្វើការជាមួយក្រុមអ្នកជំនាញសាងសង់ និង ស្ថាបត្យករលំដាប់កំពូល ដើម្បីបង្កើតគំនិតច្នៃប្រឌិត ដូច្នេះយើងអាចផ្តល់សម្ភារៈបរិក្ខា និង ទំនើបដល់អ្នកជួលរបស់យើង។ ហើយយើងនឹងធានាថា រាល់ការឌីហ្សាញ និង ការសាងសង់ទាំងអស់អនុលោមតាមបទដ្ឋាន ESG។

“យើងសូមស្វាគមន៍អ្នកចូលរួម ដែលមានគំនិតដូចគ្នា មកកាន់តំបន់ឧស្សាហកម្មរបស់យើង ដែលអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនរួមមាន ទីតាំងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ និង កម្លាំងការងារដែលមានគុណភាពខ្ពស់។

ក្រុមការងាររបស់យើង នឹងលះបង់គ្រប់បែបយ៉ាង ដើម្បីជួយឲ្យការវិនិយោគរបស់លោកអ្នកបានដល់គោលដៅ។ ជាពិសេសជួយជ្រើសរើស ទីតាំង រចនាប្លង់ ការសាងសង់ ការធ្វើគម្រោងផែនការ ការស្នើសុំច្បាប់អនុញ្ញាតផ្សេងៗ។ យើងខ្ញុំសង្ឃឹមថា តំបន់ឧស្សាហកម្មបច្ចេកវិទ្យាទំនើបនេះ នឹងធ្វើជាដៃគូដ៏ល្អ និង មានទំនុកចិត្តសម្រាប់លោកអ្នកក្នុងការបង្កើតខ្សែសង្វាក់ផលិតកម្មក្នុងតំបន់នេះ៕

អត្ថបទពាក់ព័ន្ធ

Back to top button