ព័ត៌មានសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរំពឹងថា សេដ្ឋកិច្ចកម្ពុជាកើនឡើង៦%ក្នុងឆ្នាំ២០២៤ ខណៈ ADB រំពឹងកើន ៥.៨% 

ក្នុងពិធីសម្ពោធទីស្នាក់ការ​ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅទីក្រុងភ្នំពេញ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅថ្ងៃទី១២មិថុនានេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​ត្រូវបានព្យាករណ៍ ថានឹងសម្រេចបាននូវអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣។​

យ៉ាងណាមិញ ទល្ហីករណ៍ចំពោះកំណើនសេដ្ឋកិច្ច៦%នេះ​ គឺផ្អែកទៅលើការកើនឡើងនៃ​ការនាំចេញ​ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ​វិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងសំណង់។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានឱ្យបញ្ជាក់បន្ថែមថា៖ « កំណើននេះត្រូវបានជំរុញ​ដោយការ​ងើបឡើង​វិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសដៃ គូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា​។​ ទន្ទឹមនឹងនោះ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្តរក្សា ស្ថិរភាព និងនិន្នាការវិជ្ជមាន គួបផ្សំ​នឹងការខិតខំ​ប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុង ការលើកកម្ពស់ការអនុវត្តគោល​នយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន»។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី​១១ ខែមេសាកន្លងទៅ​ ក៏បានព្យាករណ៍ផងដែរថា​​ សេដ្ឋកិច្ចកម្ពុជា​នឹងកើនឡើងក្នុងអត្រា ៥,៨% នៅឆ្នាំ២០២៤ និ​ង៦,០% ក្នុងឆ្នាំ២០២៥។

បើតាមរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤-២០២៥ នឹងត្រូវបានគាំទ្រដោយ​ផលិតកម្មដែលផ្តោតលើការ​នាំចេញកាន់តែខ្លាំង។ វាក៏រំពឹងថាអតិផរណាដែលជាមធ្យម ២,១ ភាគរយ​ក្នុងឆ្នាំ២០២៣ ដែល​បណ្តាល​មកពីការធ្លាក់ចុះតម្លៃថាមពលសកល នឹងនៅតែមានប្រហែល ២ភាគរយក្នុងរយៈ​ពេលពីរឆ្នាំខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ វិស័យកសិកម្ម សំណង់ និងអចលនទ្រព្យត្រូវបានគេរំពឹងថានឹងកើនឡើង​ក្នុងកម្រិតមធ្យមនៅឆ្នាំនេះ។

គួររំលឹកថា នៅឆ្នាំ២០២៣ GDPរបស់កម្ពុជាបានកើនឡើងយឺតចំនួន ៥ភាគរយ បើធៀបនឹងកំណើន ៥,២ ភាគរយក្នុងឆ្នាំ២០២២។ កាលពីឆ្នាំមុន ទិន្នផលឧស្សាហកម្មបានធ្លាក់ចុះប្រមាណ ០,២ ភាគរយ ដោយសារតម្រូវការអន្តរជាតិធ្លាក់ចុះ។

ទោះបីជាមានការធ្លាក់ចុះ១២,១ ភាគរយនៃការនាំចេញទំនិញធ្វើដំណើរ ក្នុងឆ្នាំ២០២៣ ការនាំចេញ​ផលិត​ផលគ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងសំបកកង់រថយន្តបានកើនឡើង ២៨,៤ ភាគរយ។ 

យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការសម្រួលលើ ច្បាប់វិនិយោគដើម្បីទាក់ទាញគម្រោងនានា។ នេះជាជំហានមួយរបស់កម្ពុជា​ដើរលើផ្លូវឆ្ពោះ​ទៅសម្រេច​គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ និងជាប្រទេសដែល មានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

អត្ថបទពាក់ព័ន្ធ

Back to top button