កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋអារ៉ាប់បានទទូចឲ្យចៅក្រមអន្តរជាតិ ដើម្បីសម្រេចថា ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនគឺខុសច្បាប់ ហើយប្រទេសតួកគីបានពណ៌នាអំពីការកាន់កាប់នេះថា ជា “ឧបសគ្គពិតប្រាកដចំពោះសន្តិភាព” នៅថ្ងៃចុងក្រោយនៃសវនាការក្នុងសំណុំរឿង ដែលពិនិត្យមើលស្ថានភាពផ្លូវច្បាប់របស់ខ្លួន។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាននឹងកំពុងស្តាប់ទឡ្ហីករណ៍ពីរដ្ឋជាង៥០ បន្ទាប់ពីសំណើដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ២០២២ ដើម្បីចេញមតិដែលមិនចងកាតព្វកិច្ចលើផលវិបាកផ្លូវច្បាប់នៃការកាន់កាប់របស់អ៊ីស្រាអែល។
នៅថ្ងៃទីប្រាំមួយ និង ជាថ្ងៃចុងក្រោយនៃសវនាការ អនុរដ្ឋមន្ត្រីការបរទេសតួកគី លោក Ahmet Yildiz បានប្រាប់ចៅក្រមថា ការកាន់កាប់នេះ គឺជាដើមចមនៃជម្លោះនៅក្នុងតំបន់។
លោក Yildiz ក៏បាននិយាយផងដែរពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមក្រុមហាម៉ាស់ក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សចំនួន១,២០០នាក់ និង ការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង២៩,០០០នាក់។
លោកបានមានប្រសាសន៍ថា “ស្ថានការណ៍លាតត្រដាងក្រោយថ្ងៃទី៧ ខែតុលា បង្ហាញជាថ្មីម្តងទៀតថា បើគ្មានការលើកឡើងពីមូលហេតុនៃជម្លោះអ៊ីស្រាអែល និង ប៉ាឡេស្ទីន មិនអាចមានសន្តិភាពនៅក្នុងតំបន់បានទេ” ដោយពិពណ៌នាអំពីការកាន់កាប់ទឹកដីប៉ាឡេស្ទីនថា ជា “ឧបសគ្គពិតប្រាកដចំពោះសន្តិភាព។ ហើយទទួចឲ្យចៅក្រមប្រកាសថា វាខុសច្បាប់។
អ៊ីស្រាអែលដែលមិនបានចូលរួមក្នុងសវនាការ បាននិយាយថា ការចូលរួមរបស់តុលាការអាចនឹងបង្កគ្រោះថ្នាក់ដល់ការសម្រេចបាននូវដំណោះស្រាយដែលបានចរចារអំពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយដាក់សំនួរឡើងទៅកាន់តុលាការថា មានការរើសអើង។
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានពណ៌នាអំពីការកាន់កាប់នេះថា ជា “ការប្រមាថចំពោះយុត្តិធម៌អន្តរជាតិ” នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានអាននៅក្នុងតុលាការដោយអ្នកតំណាងម្នាក់។
រដ្ឋភាគច្រើនដែលបានថ្លែងក្នុងសវនាការ នៅឯតុលាការយុត្តិធម៌អន្តរជាតិ ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក បានស្នើសុំចៅក្រមឱ្យប្រកាសការកាន់កាប់ទឹកដីរបស់អ៊ីស្រាអែលគឺខុសច្បាប់។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ រដ្ឋមួយចំនួនរួមទាំងរដ្ឋកោះតូចមួយនៃប្រទេសហ្វីជី បាននិយាយតុលាការយុត្តិធម៌អន្តរជាតិ គួរតែបដិសេធមិនផ្តល់យោបល់ណាមួយឡើយ។
តុលាការបាននិយាយថា សវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិបានបិទនៅថ្ងៃចន្ទ និង ជាកាលបរិច្ឆេទសម្រាប់ការសម្រេចចិត្ត នឹងត្រូវបានប្រកាសក្នុងពេលសមស្រប។ ក្រុមចៅក្រមដែលមានគ្នាចំនួន១៥ ត្រូវបានគេរំពឹងថា នឹងចំណាយពេលប្រហែល៦ ខែទៀត ដើម្បីចេញមតិសេចក្តីសម្រេចដែលមិនចងកាតព្វកិច្ចរបស់ពួកគេលើការកាន់កាប់នេះ៕
ប្រភព៖ REUTERS, ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤