រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា។
យោងតាមក្រសួងទេសចរណ៍ ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពី “ការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា” កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ដើម្បីសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ។
យ៉ាងណាមិញ សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧ ស្ថាប័នទៀត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។
ការសហការគ្នារវាងសមាសភាពស្ថាប័នរដ្ឋ និងឯកជននេះ ជាការចូលរួមយ៉ាងពេញលេញក្នុងការ បង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
បើតាមក្រសួងទេសចរណ៍ដដែល បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៤ ខែឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ២ លាននាក់ (២ ១១៦ ៦០៩) កើនឡើង ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ក្នុងនោះទេសចរជាង ២ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៥៨៨ ៣១២ នាក់ កើន ៣,២ ភាគរយ វៀតណាមចំនួន ៤១៤ ៣៦៦ នាក់ កើន ៤៣ ភាគរយ ចិន ២៦០ ៤៥៥ កើន ៤១,៥ ភាគរយ ឡាវ ១១៧ ៧២៥ កើន ៤៦ ភាគរយ និងអាមេរិក ចំនួន ៨២ ៨៦២ កើន ២០ ភាគរយ៕