ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន៩នាក់បានស្លាប់បាត់បង់ជិវិត និង ៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកអ្នកថ្មើរជើងនៅតំបន់ពាណិជ្ជកម្មមួយកន្លែង ក្នុងទីក្រុងសេអ៊ូលកាលពីយប់ថ្ងៃច័ន្ទ ហើយបានបង្កភាពចលាចលនៅតាមដងផ្លូវ ដែលមានមនុស្សច្រើនកោះករ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap News Agency នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤។
ប៉ូលិសបាននិយាយថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវបំបែកមួយកន្លែងនៅជិតសាលាក្រុងសេអ៊ូល វេលាម៉ោងប្រហែល៩:២៧នាទីយប់ ខណៈដែលរថយន្តបើកបរដោយបុរសអាយុ៦៨ឆ្នាំ បានបើកទៅបុកអ្នកថ្មើរជើងជាច្រើននាក់ ដែលកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍។ អ្នកបើកបរត្រូវបានគេនិយាយស្តីបន្ទោសថា បើកបរក្នុងល្បឿនលឿន ដោយមិនបានប្រយ័ត្នចំពោះគ្រោះថ្នាក់នេះ។
នៅក្នុងចំណោមអ្នកស្លាប់ទាំង៩នាក់ មាន៦នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ៣នាក់ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យដោយសារតែសភាពនៃសាច់ដុំបេះដូងឈប់កន្ត្រាក់ ហើយក្រោយមកបានប្រកាសថាស្លាប់។ ក្នុងចំណោមអ្នករបួសទាំង៤នាក់ មានម្នាក់បានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីទទួលបាននូវការព្យាបាល ចំណែកឯអ្នកផ្សេងទៀតមិនមានសភាពធ្ងន់ធ្ងរនោះទេ។
ប៉ូលិសបានឱ្យដឹងថា រថយន្តបើកបរក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ហើយបានបុកជាមួយនឹងរថយន្តចំនួន២គ្រឿង មុននឹងបុកមនុស្ស។ ប៉ូលិសបានចាប់ខ្លួនអ្នកបើកបរ ដែលមិនស្ថិតនៅក្រោមឥទ្ធិពលនៃជាតិអាកុល តាមការពិនិត្យបឋម។
អ្នកបើកបររថយន្ត និងភរិយារបស់គាត់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ខណៈលោកបានត្អូញត្អែរពីការឈឺចាប់។
មន្ត្រីប៉ូលិសម្នាក់បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា ដោយសារតែអ្នកបើកបរក៏មានរបួសដែរ ដូច្នេះគេនៅបន្តការស៊ើបអង្កេតនៅឡើយ។
មន្ត្រីប៉ូលីសដដែលបានបន្ថែមទៀតថា ការស៊ើបអង្កេតបឋមបានសន្និដ្ឋានថា អ្នកបើកបរមិនស្រវឹងនៅពេលកើតហេតុនោះទេ
លោកបានបន្តថា៖ ទាក់ទងនឹងមូលហេតុនៃគ្រោះថ្នាក់នេះ យើងនឹងធ្វើការស៊ើបអង្កេតឱ្យបានឆាប់រហ័ស និងហ្មត់ចត់ ដោយផ្អែកលើពាក្យសម្តីរបស់អ្នកបើកបរ ការស៊ើបអង្កេតតាមរយៈកាមេរ៉ាសុវត្ថិភាព។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំពេលមានចម្ងល់ថា តើវិធានការគួរត្រូវបានពិចារណា ដើម្បីជួយធានាដល់ការបើកបរប្រកបដោយសុវត្ថិភាពក្នុងចំណោមមនុស្សវ័យចំណាស់៕