ព័ត៌មានជាតិ

រុករកក្នុងព្រៃអស់ច្រើនម៉ោង ក្រោយ ដេញឃាត់មុខសញ្ញាចាស់ ម្នាក់ ផ្តួលម៉ូតូរត់គេច បាត់ ម្តុំជិត វត្តសាក់សំពៅ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចដេញតាមជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់ ធ្វើឱ្យ ជនសង្ស័យ ភ័យស្លន់ស្លោ ក៍ជិះម៉ូតូរត់គេច ហើយផ្តួលម៉ូតូចោល រួច រត់ចូលព្រៃបាត់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៤ នៅចំណុច ជិតវត្តសាក់សំពៅ ផ្លូវទំនប់៧មករា សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៃប៉ុស្តិ៍នគរបាលរដ្ឋបាល ពងទឹក បានធ្វើការ ល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស ផ្សេងៗ ខណៈពេលនោះក៏ប្រទះឃើញបុរសម្នាក់ ជាមុខសញ្ញាចាស់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JK 3426 ហើយកម្លាំងសមត្ថកិច្ច បានឃើញឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យ ក៏ស្រាប់តែបុរសជាជនសង្ស័យរូបនោះ មិនព្រមឈប់នោះទេ គឺព្យាយាមជិះម៉ូតូរត់គេច ពេញមូលដ្ឋានខណ្ឌដង្កោ រហូតទាល់តែសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទងតៗគ្នា ហើយធ្វើការដេញ ប៉ផាប់ចាប់ពភីង រហូតដល់ផ្លូវទំនប់៧មករា ជិតវត្តសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ស្រាប់តែបុរសជាជនសង្ស័យរូបនោះ បានផ្តួលម៉ូតូចោល ហើយរត់ចូលព្រៃដែលជាកន្លែងងងឹតបាត់តែម្ដង ។

ពាក់ព័ន្ធករណីនេះដែរ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក៏បានចុះរុករកក្នុងព្រៃអស់ជាច្រើនម៉ោង តែរកមិនឃើញជនសង្ស័យនោះទេ ដោយសារតែតំបន់នោះ ព្រៃច្រើនហើយណាមួយ ងងឹតថែមទៀត ទើបសមត្ថកិច្ច ផ្អាក ការរុករកតែម្ដងទៅ ។

ក្រោយពេលកើតហេតុ នៅសល់តែម៉ូតូរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីសមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជាបន្តទៀតផងដែរ ៕

អត្ថបទពាក់ព័ន្ធ

Back to top button