ព័ត៌មានអន្តរជាតិ

រ៉យទ័រ៖ កិច្ចរ​ចរចា​ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សានឹងបន្តឡើងវិញក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃអាទិត្យ

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលដកស្រង់ប្រភពនៅក្នុងប្រទេសអេហ្ស៊ីបនិយាយថា កិច្ចការ​ចរចា​ស្តីពីបទឈប់បាញ់ និង ការដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់ ទំនងជានឹងចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃអាទិត្យ។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងប្រទេសអ៊ីស្រាអែល បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់អ៊ីស្រាអែល ដែលនិយាយថា អ៊ីស្រាអែលនឹងមិនបញ្ជូនគណៈប្រតិភូរហូតដល់ខ្លួនទទួលបានបញ្ជីពេញលេញនៃចំណាប់ខ្មាំងដែលនៅរស់។

វា​នៅ​តែ​មិន​ប្រាកដ​ថា​តើ​អ៊ីស្រាអែល​នឹង​ចូល​រួម​ក្នុង​កិច្ច​ចរចា​នេះ​ឬ​អត់​ ហើយ​ថា​តើ​នឹង​មាន​ការ​រីក​ចម្រើន​ដែរ​ឬ​ទេ ខណៈ​នៅតែ​មាន​ចន្លោះ​ប្រហោង​ធំ​ៗរវាង​ប្រទេស​ទាំង​ពីរ។ កងកម្លាំង​អ៊ីស្រាអែល​បាន​បន្ត​ការ​វាយលុក​យ៉ាង​ខ្លាំងក្លា​នៅ​ទូទាំង​តំបន់ ហ្គាហ្សា ស្ត្រីប កាលពី​ថ្ងៃ​សៅរ៍។

អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅជិតមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Rafah ភាគខាងត្បូងបានសម្លាប់មនុស្ស១១នាក់ និង ប្រហែល៥០នាក់ផ្សេងទៀតរងរបួស។

ប្រជាជនជិត១.៥លាននាក់រស់នៅក្នុងទីក្រុង Rafah រួមទាំងអ្នកដែលបានភៀសខ្លួនចេញពីភាគខាងជើងនៃតំបន់ហ្គាហ្សា។

អាជ្ញាធរ​និយាយ​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​បាន​កើន​ដល់៣០,៣២០​នាក់​ហើយ។

សហរដ្ឋអាមេរិករួមជាមួយនឹងប្រទេស ដែលសម្រុះសម្រួលកិច្ចចរចាបទឈប់បាញ់នេះ សង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចមុនខែដ៏វិសុទ្ធរបស់ជនជាតិមូស្លីមនៃថ្ងៃបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅប្រហែលថ្ងៃទី១០ ខែមីនា ខាងមុខនេះ៕

ប្រភព៖ NHK, ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button